(សេអ៊ូល)៖ ប្រភពពីកូរ៉េខាងជើងត្រូវបានដកស្រង់ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលផុតលេខនៃទីក្រុងព្យុងយ៉ាង បានទៅពិនិត្យមើលដោយផ្ទាល់ នូវគំរោងយុទ្ធសាស្ត្រវាយលុកទៅលើកោះនានារបស់ កូរ៉េខាងត្បូង នៅមុនការបាញ់មីស៊ីលសាកល្បងនៅព្រឹកថ្ងៃសៅរ៍នេះ ដែលទទួលបានភាពបរាជ័យទាំង ០៣គ្រាប់តែម្តង ខណៈមួយគ្រាប់ផ្ទុះពេលកំពុងបាញ់ និងពីរគ្រាប់ទៀតធ្លាក់ចូលក្នុងសមុទ្រខាងកើតរបស់ខ្លួន។ នេះបើតាមការដកស្រង់ព័ត៌មានពី យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
ចំពោះការបាញ់មីស៊ីលខាងលើនេះ គឺកើតឡើងក្រោយពីមានរឿងរ៉ាវធំៗពីរ ដែលកូរ៉េខាងជើងចាត់ទុកថា ជាការគំរាមកំហែងមកលើខ្លួន នោះគឺការធ្វើសមយុទ្ធយោធាដ៏កក្រើកប្រចាំឆ្នាំរវាង អាមេរិក និងកូរ៉េខាងត្បូង នៅក្បែរឧបទ្វីបកូរ៉េផ្ទាល់តែម្តង និងមួយទៀតនោះ គឺការប្រកាសពីរដ្ឋាភិបាលជប៉ុនកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះថា ខ្លួននឹងដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុនបរទេសចំនួន ០៨ ដែលហ៊ានលួចលាក់មានទំនាក់ទំនងជាមួយរបបដឹកនាំទីក្រុងព្យុងយ៉ាង ផ្គើននឹងទណ្ឌកម្មពីអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលខាងលើនេះ គឺជាប្រភេទរយៈចំងាយខ្លីប្រមាណ ២៥០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងនោះពីរគ្រាប់បានធ្លាក់ចូលក្នុងសមុទ្រ ដោយទាំងបីគ្រាប់ត្រូវបានបាញ់ចេញពីខេត្ត កាងវ៉ុន (Kangwon)។ រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីប្រតិកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្តនោះឡើយ គ្រាន់តែសារព័ត៌មានកន្លងមកបានចេញផ្សាយអំពីការព្រមានធ្ងន់ៗជាច្រើនដងពីកូរ៉េខាងជើង ឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធា ដែលទីក្រុងព្យុងយ៉ាងអះអាងថា មានចរិតឈ្លានពានមកលើខ្លួននោះ៕