(វ៉ាស៊ីនតោន)៖ មន្រ្តីជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ម្នាក់ទៀតហើយ ត្រូវចាកចេញពីមុខតំណែងរបស់ខ្លួនប្រចាំនៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
យ៉ាងណាមិញ គេពុំទាន់បានដឹងច្បាស់នៅឡើយទេថា មន្រ្តីជំនួយការរបស់លោកប្រធានាធិបតីអាមេរិករូបនេះ គឺលោក សេបាស្ទៀន ហ្គ័រកា (Sebastian Gorka) បានសុំលាលែងពីតំណែងដោយចិត្តឯងផ្ទាល់ ឬក៏ត្រូវបានដកចេញពីតំណែងនោះឡើយ។ ក៏ប៉ុន្តែមន្រ្តីសេតវិមានបានប្រាប់ឲ្យដឹងថា លោក Gorka តាមពិតទៅមិនបានលាលែងពីតួនាទីនោះឡើយ តែបានបញ្ជាក់ថាជំនួយការរូបនេះ លែងធ្វើការនៅឯសេតវិមានទៀតហើយ។
គួរបញ្ជាក់ថា លោក Sebastian Gorka គឺជាបុគ្គលដ៏ចម្រូងចម្រាសមួយរូប នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយគណបក្សប្រជាធិបតេយ្យអាមេរិក បានធ្វើការចោទប្រកាន់រូបលោកថា មានទំនាក់ទំនងជាមួយក្រុមស្បែកសជ្រុលនិយម។ ម៉្យាងវិញទៀត លោក Gorka ក៏មានភាពជិតស្និទ្ធនឹងលោក ស្ទីវ បានណុន (Steve Bannon) អតីតមន្រ្តីយុទ្ធសាស្រ្តរបស់លោក ត្រាំ ដែលត្រូវបានបណ្តេញចេញពីសេតវិមានកាលពីសប្តាហ៍មុន បន្ទាប់ពីមន្រ្តីសេតវិមានមួយចំនួនទៀត បានដើរចេញពីទីនោះជាបន្តបន្ទាប់ ដោយអ្នកខ្លះត្រូវដកចេញ ខណៈអ្នកខ្លះទៀតបានលាឈប់ដោយខ្លួនឯង៕