(តូក្យូ)៖ កងការពារអាកាសនៃកងកម្លាំងស្វ័យការពារជប៉ុន នឹងដឹកនាំការធ្វើសមយុទ្ធយោធាដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីល នៅលើមូលដ្ឋានទ័ពអាមេរិកចំនួនបីនៅក្នុងប្រទេស ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនទប់ទល់នឹងការគំរាមកំហែង ដោយគ្រាប់មីស៊ីលជាយថាហេតុ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃសុក្រនេះ លោក Onodera បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើសមយុទ្ធយោធាដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីល នឹងចូលរួមចំណែកពង្រឹងសម្ព័ន្ធភាព រវាងជប៉ុន និងសហរដ្ឋអាមេរិក»។ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្តទៀតថា សមយុទ្ធយោធានេះនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ លើមូលដ្ឋានទ័ពអាកាសអាមេរិកចំនួនបី មានដូចជា មូលដ្ឋានទ័ពអាកាស យ៉ូកូតា (Yokota) នៃភាគខាងលិចទីក្រុងតូក្យូ, មូលដ្ឋានទ័ព អ៊ីរ៉ាគុនី (Iwakuni) ស្ថិតនៅខេត្ត យ៉ាម៉ាហ្គូឈី (Yamaguchi) ភាគនិរតីប្រទេសជប៉ុន។ ចំណែកឯ សមយុទ្ធយោធាដូចគ្នានេះ ក៏នឹងត្រូវធ្វើឡើងផងដែរនៅលើមូលដ្ឋានទ័ពអាកាស មីសាវ៉ា (Misawa) ស្ថិតនៅក្នុងខេត្ត អាវម៉ុរី (Aomori) នៃភាគខាងជើងប្រទេសនៅថ្ងៃទី០៧ ខែកញ្ញា។
គួរបញ្ជាក់ថា ដោយព្រួយបារម្ភពីគ្រាប់មីស៊ីលកូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងតូក្យូបានសម្រេចចិត្តដាក់ពង្រាយរួចរាល់ហើយ ប្រព័ន្ធស្ទាប់ចាប់មីស៊ីល ASDF PAC-3 នៅឯតំបន់ប៉ែកខាង លិចនៃប្រទេស។ PAC-3 គឺប្រៀបបានទៅនឹងខ្សែបន្ទាត់ការពារមួយ ដែលមានសមត្ថភាពចាប់ ឬបំផ្លាញមីស៊ីលនៅរយៈកម្ពស់ទាប នៅពេលវាចូលក្នុងបរិយាកាសផែនដី៕