(អង់ការ៉ា)៖ ប្រសិនបើអាល្លឺម៉ង់ចង់ក្លាយជាកម្លាំងចលករ ដែលមានឥទ្ធិពលមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ទីក្រុងប៊ែរឡាំងពុំមានជម្រើសអ្វីផ្សេង ក្រៅតែពីខិតខំថែរក្សាក៏ដូចជាផ្សះផ្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងអង់ការ៉ានោះឡើយ។ នេះបើតាមអ្នកវិភាគនយោបាយជនជាតិតួកគីមួយរូប ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
ជុំវិញវិបត្តិដ៏យ៉ាប់យឺននៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរនេះ លោក នេចាត តារ៉ាកស៊ី (Nejat Tarakci) អ្នកជំនាញតួកគីផ្នែកភូមិសាស្រ្ត និងយុទ្ធសាស្រ្តនយោបាយបានលើកឡើងថា គោលជំហរប្រឆាំងតួកគីរបស់អាល្លឺម៉ង់ គឺជាលទ្ធផលនៃទស្សនៈរបស់ទីក្រុងប៊ែរឡាំង ដែលយល់ឃើញថា ខ្លួនពុំត្រូវការទីក្រុងអង់ការ៉ានោះឡើយ។ លោក Tarakci បានថ្លែងថា «តាមពិតទៅអាល្លឺម៉ង់មិនគួរភ្លេចនោះទេថា ប្រសិនបើខ្លួនចង់ក្លាយជាកម្លាំងដ៏សំខាន់ពិតប្រាកដមួយនៅមជ្ឈិមបូព៌ា ទីក្រុងប៊ែរឡាំងនឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីការព្រមរួមសហការ ជាមួយតួកគីនោះឡើយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងប៊ែរឡាំង បានធ្លាក់ចុះដុនដាបបន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគីកាលពីឆ្នាំមុន នៅពេលអាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សជាង ៥០,០០០នាក់ រួមទាំងបញ្ឈប់ពីតំណែង ឬព្យួរការងារប្រមាណ ១៥០,០០០នាក់ ផ្សេងទៀត ដែលត្រូវបានអឺរ៉ុបរិះគន់យ៉ាងចាស់ដៃ។ ប្រធានាធិបតីតួកកី លោក អឺដូហ្គាន់ (Erdogan) ដែលពុំសូវមានការអត់ធ្មត់ចំពោះការរិះគន់ពីអឺរ៉ុបនោះ បានចោទប្រកាន់អាល្លឺម៉ង់ថា មានទំនោរប្រឆាំងនឹងតួកគី ហើយកាលពីចុងសប្តាហ៍មុនប្រធានាធិបតីតួកគីរូបនេះ ថែមទាំងបានប្រកាសចាត់ទុកថា អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មឺគែល (Angela Merkel) គឺជាសត្រូវរបស់តួកគី ទៀតផង និងបានអំពាវនាវឲ្យជនជាតិដើមតួកគីនៅអាល្លឺម៉ង់ បោះឆ្នោតប្រឆាំងរូបលោកស្រី នៅខែក្រោយនេះ៕