(បាងកក)៖ តុលារការក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះ បានសម្រេចផ្ដន្ទាទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មម្នាក់ ឱ្យជាប់ពន្ធនាគារ ៤២ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានក្លែងបន្លំកិច្ចព្រមព្រៀងជួញដូរអង្ករ រវាងរដ្ឋាភិបាលថៃ និងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
សាលក្រមប្រឆាំងអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ប៊ូនសុង តេរីយ៉ាភីរម្យ (Boonsong Teriyapirom) ត្រូវបានប្រកាសតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ពុំបានចូលបង្ហាញខ្លួននៅចំពោះមុខតុលាការ ដើម្បីរង់ចាំស្តាប់ការប្រកាសសាលក្រមជុំវិញរឿងក្តីនយោបាយទិញស្រូវពីកសិករថៃ។ ជាងនេះទៅទៀត បើតាមប្រភពជិតស្និទ្ធនឹងលោកស្រីផ្ទាល់ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានរត់ភៀសខ្លួនចេញពីប្រទេសថៃហើយ ក្រោយតុលាការកំពូលថៃបានចេញដីកាចាប់ខ្លួន និងពន្យារពេលប្រកាសសាលក្រម ទៅថ្ងៃទី២៧ ខែកញ្ញាវិញ។
មួយវិញទៀត បើសិនជាគេរកឃើញកំហុសដូចការចោទប្រកាន់ដែលថា លោកស្រីបានធ្វើឱ្យខាតបង់ថវិការដ្ឋ ដល់ទៅ០៨ពាន់លានដុល្លារ ដោយសារតែកម្មវិធី ប្រមូលទិញស្រូវពីកសិករថៃក្នុងតម្លៃថ្លៃ នោះលោកស្រី យីងឡាក់ អាចនឹងជាប់ពន្ធនាគារ១០ឆ្នាំ។ ក៏ប៉ុន្តែលោកស្រីយីងឡាក់ បានដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែជាចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។
ដោយឡែក ជុំវិញរឿងក្ដីពុករលួយនេះដែរ តុលាការក្នុងទីក្រុងបាងកកបានចេញសាលក្រមសម្រេចកាត់ទោស លោក Boonsong Teriyapirom អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោកស្រី យីងឡាក់ ឱ្យជាប់ពន្ធនាគារ ៤២ឆ្នាំ ក្រោមបទចោទប្រកាន់ថា បានក្លែងបន្លំកិច្ចព្រមព្រៀងជួញដូរអង្កររវាងរដ្ឋាភិបាលថៃ និងចិន។ ចំណែកឯ គណៈកម្មាការប្រឆាំងអំពើពុករលួយថៃ ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងដែលធ្វើឡើងដោយ លោក Boonsong បានធ្វើឱ្យខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ហើយថាអង្ករគឺត្រូវទុកលក់នៅក្នុងស្រុក មិនមែនសម្រាប់នាំចេញនោះទេ៕