(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរត់ភៀសខ្លួនចេញពីប្រទេសថៃហើយ បន្ទាប់ពីតុលាការកំពូលថៃបានសម្រេចចេញដីកាចាប់ខ្លួនរូបលោកស្រី បន្ទាប់ពីលោកស្រី យីងឡាក់ ពុំបានចូលបង្ហាញខ្លួននៅចំពោះមុខតុលាការ ដើម្បីរង់ចាំស្តាប់ការប្រកាសសាលក្រម ជុំវិញរឿងក្តីនយោបាយទិញស្រូវពីប្រជាជនរបស់លោកស្រី។ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធនឹងរូបលោកស្រីផ្ទាល់ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ស្រង់ពីបណ្តាញ Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
តុលាការកំពូលថៃនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ សីណាវ៉ាត់ (Yingluck Shinawatra) ក៏ប៉ុន្តែបែរជាពន្យារពេលប្រកាសសាលក្រមទៅលើការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ចំពោះការធ្វេសប្រហែសនៅក្នុងកម្មវិធីជួយទិញស្រូវពីកសិករទៅដល់ថ្ងៃទី២៧ ខែកញ្ញាវិញ។ លោកស្រី យីងឡាក់ នឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជាសាលក្រមតុលាការ គាំទ្រការចោទប្រកាន់ប្អូនស្រីបង្កើត លោក ថាក់ស៊ីន រូបនេះមែននោះ។
រដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន បានចោទប្រកាន់លោកស្រី Yingluck ថាបានធ្វើឱ្យខាតបង់ថវិការដ្ឋដល់ទៅ ០៨ពាន់លានដុល្លារ ដោយសារតែកម្មវិធីប្រមូលទិញស្រូវពីកសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ បានដិសេធការចោទប្រកាន់ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។ ដោយឡែក នៅមុនការប្រកាសសាលក្រមនេះដែរ ក្រុមអ្នកគាំទ្រលោកស្រី Yingluck បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការកំពូល ខណៈប៉ូលិស ៤,០០០នាក់ ត្រូវបានគេដាក់ពង្រាយ បើទោះជាលោកស្រីបានអំពាវនាវឱ្យអ្នកគ្រាំទ្រ របស់ខ្លួនកុំប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីតវ៉ាក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី Yingluck Shinatrawa បានជាប់ឆ្នោតកា្លយជានាយករដ្ឋមន្ត្រីថៃជាស្រ្តីដំបូងគេកាលពីឆ្នាំ២០១១ តែលោកស្រីត្រូវបានរដ្ឋាភិបាលយោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤៕