(ម៉ូស្គូ)៖ មនុស្សយ៉ាងតិច ១៤នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបើកធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រក្បែរតំបន់ ក្រាសុនដារ (Krasnodar) ភាគខាងត្បូងប្រទេសរុស្ស៊ី។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសង្រ្គោះបន្ទាន់ក្នុងតំបន់កើតហេតុ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែល រថយន្តក្រុងដែលមានផ្ទុកមនុស្ស ៣៥នាក់ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ក្បែរភូមិ វ៉ុលណា (Volna) ក្នុងស្រុក តេមរីយ៉ុក (Temryuk) នៃតំបន់ Kransodar។ ក្រោយពេលកើតហេតុ មនុស្សចំនួន ១៤នាក់ ត្រូវគេបញ្ជាក់អះអាងថា បានបង់ជីវិត និង ២០នាក់ត្រូវបានជួយសង្រ្គោះ ស្របពេលដែលម្នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។
គួរបញ្ជាក់ថា សម្រាប់មូលហេតុ ដែលបានបណ្តាលឲ្យរថយន្តខាងលើជួបគ្រោះថ្នាក់ ហើយកើតជាសោកនាដកម្មនេះវិញនោះ ពុំទាន់ត្រូវបានដឹងច្បាស់នោះទេ៕