(វ៉ាស៊ីនតោន)៖ បុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យម្នាក់ ដែលរស់នៅរដ្ឋ ម៉ាស្សាឈូស្សេតស៍ (Massachusetts) ភាគឦសានសហរដ្ឋអាមេរិក ពិតជាសំណាងខ្លាំងមែនទែន ដោយបានឈ្នះឆ្នោតដែលមានតម្លៃជាទឹកប្រាក់ដល់ទៅ ៧៥៨.៧លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
លោកស្រី ម៉ាវីស វ៉ាន់ស៊ីក (Mavis Wanczyk) វ័យ ៥៣ឆ្នាំ បានទិញសំបុត្រឆ្នោត Powerball ដ៏មហាសំណាងនេះ នៅឯហាងមួយកន្លែងក្នុងទីក្រុង ឈីកូពី (Chicopee) ភាគខាងជើងទីក្រុង ស្ព្រីងហ្វៀល (Springfield) ជាទីដែលលោកស្រីបម្រើការងារ នៅក្នុងនាយកដ្ឋានថែទាំសុខភាព នៃមជ្ឈមណ្ឌលឱសថសាស្រ្ត ម៉ឺស៊ី (Mercy)។ លោកស្រី Wanczyk បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់ធ្វើមុនគេនោះគឺសម្រាក»។ ខណៈលោកស្រីបានបង្ហើបឲ្យដឹងថា លោកស្រីបានលាឈប់ពីការងារហើយ បន្ទាប់ពីបានធ្វើការងារនេះអស់រយៈពេល ៣២ឆ្នាំកន្លងមក។
គួរបញ្ជាក់ថា ទំហំទឹកប្រាក់ជាង ៧៥៨លានដុល្លារ នៃការឈ្នះឆ្នោតនេះ គឺធំបំផុតដែលត្រូវបានឈ្នះដោយសំបុត្រឆ្នោតតែមួយប៉ុណ្ណោះ និងជាប់លំដាប់ទីពីរក្នុងប្រវត្តិសាស្រ្តនៃការឈ្នះឆ្នោតនៅសហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សចំនួនបីនាក់បានឈ្នះឆ្នោត Powerball ក្នុងទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ កាលពីដើមឆ្នាំ២០១៦៕