(អាមេរិក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាតុភូតសូរ្យគ្រាសទាំងស្រុង បានជះស្រមោលសន្ធឹងពីភាគខាងលិច ដល់ភាគខាងកើតសហរដ្ឋអាមេរិក ជាលើកដំបូងនៅក្នុងអំឡុងពេលជិតមួយសតវត្សរ៍កន្លងទៅនេះ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺស្ថានីយ៍អវកាសអន្តរជាតិ ISS បានហោះឆ្លងកាត់រស្មីព្រះអាទិត្យថែមទៀតផង នៅអំឡុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ នេះបើតាមការដកស្រង់ព័ត៌មានចេញពីវែបសាយផ្លូវការរបស់អង្គារ NASA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
ម៉្យាងវិញទៀតនាសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានបញ្ចេញកម្រងរូបភាពដ៏អស្ចារ្យ ស្តែងពីទិដ្ឋភាពនៃបាតុភូតសូរ្យគ្រាសទាំងស្រុង នៅលើសហរដ្ឋអាមេរិក ដែលថតបានពីស្ថានីយ៍អវកាសអន្តរជាតិ ISS ផងដែរ។ បន្ថែមពីនេះ NASA ថែមទាំងបានបញ្ចេញវីដេអូលក្ខណៈ Timelapse មួយផ្សេងទៀតផងបង្ហាញពីស្រមោលព្រះច័ន្ទ ជះឆ្លងកាត់មកលើសហរដ្ឋអាមេរិកទាំងមូល ដែលថតយកបានដោយកាមេរ៉ាដ៏មានអានុភាពរបស់ NASA ឈ្មោះថា EPIC នៅចម្ងាយប្រមាណ ១.៦លានគីឡូម៉ែត្រ ពីភពផែនដី។
គួរបញ្ជាក់ថា ឆ្នាំនេះជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបាតុភូតសូរ្យគ្រាសទាំងស្រុងបានកើតមានឡើង ចាប់ពីចុងម្ខាងទៅដល់ចុងម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិកបែបនេះ។ ចាប់ផ្តើមពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន១២ផ្សេងទៀតនៅចន្លោះនោះ ព្រះច័ន្ទបានធ្វើដំណើរគោចរទៅបាំងពន្លឺទាំងស្រុងរបស់ព្រះអាទិត្យរយៈពេលជាងពីរនាទី នៅតាមទីតាំងនីមួយៗ ដែលស្ថិតក្នុងគន្លងស្រមោលរបស់វា៕