(ម៉ូស្គូ)៖ សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង មានឈ្មោះថា «Ulchi Freedom Guardian (UFG)» ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ នឹងមិនផ្តល់ភាពអំណោយផលអ្វីបន្តិចសោះឡើយ ចំពោះការបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងខាងលើបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការដោះស្រាយដោយសន្តិវិធី សម្រាប់ស្ថានការណ៍ដ៏តានតឹងនៅឧបទ្វីបកូរ៉េ គឺមិនអាចយកអ្វីផ្សេងទៅជំនួសបានជាដាច់ខាត ហើយលោកស្រីបានឆ្លៀតឱកាសអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់យ៉ាងពេញទំហឹងតែម្តង។ ម៉្យាងវិញទៀតអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ប្រទេសកូរ៉េខាងជើង នឹងមិនធ្វើសកម្មភាពយោធាបង្កហេតុណាមួយ ដើម្បីឆ្លើយតបចំពោះសមយុទ្ធរបស់សម្ព័ន្ធមិត្តទាំងពីរនេះឡើយ។
ជាចុងក្រោយ លោកស្រី Zakharova បានបញ្ជាក់ថា «សកម្មភាពហេតុបង្ករឿងដោយចេតនាណាមួយ អាចក្លាយទៅជាលែសសម្រាប់ជម្លោះយោធាបាន ដូច្នេះហើយប្រតិបត្តិការយោធានៅក្នុងតំបន់ គួរតែត្រូវកាត់បន្ថយ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការចរចាដោយសន្តិវិធីឡើងវិញ»។
គួរបញ្ជាក់ថា សមយុទ្ធយោធា UFG មានការចូលរួមពីកងទ័ពអាមេរិកប្រមាណ ១៧,៥០០នាក់ និងកូរ៉េខាងត្បូងប្រហែល ៥០,០០០នាក់ ហើយនឹងបន្តរហូតដល់ចុងខែសីហានេះ គឺនៅថ្ងៃទី៣១។ ជុំវិញរឿងនេះ កាលពីថ្ងៃអង្គារកូរ៉េខាងជើង បានចេញមុខថ្កោលទោសវាថា នឹងបង្កើនភាពតានតឹងថែមទៀត នៅក្នុងតំបន់ឧបទ្វីបកូរ៉េហើយថែមទាំងបានព្រមានថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវទាំងស្រុង សម្រាប់លទ្ធផលវិនាសកម្មទាំងឡាយណា ដែលបង្កឡើងដោយសមយុទ្ធយោធារួមរបស់ខ្លួន៕