(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិអាមរិក លោក ចេមស៍ ម៉ាតទីស (James Mattis) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងតែធ្វើការពិចារណាយ៉ាងហ្មត់ចត់ថា តើគួរតែផ្តល់សព្វាវុធការពារខ្លួនទំនើបៗដ៏មានអនុភាពដល់ទីក្រុងកៀវដែរ ឬយ៉ាងណា ខណៈវាគឺជាជាទង្វើមួយដែលរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅតំបន់ ដុនបាស (Donbass) នៃប្រទេសអ៊ុយក្រែន ហើយប្រព័ន្ធ ហ្សាវេលីន (Javelin) ប្រឆាំងរថក្រោះ និងប្រព័ន្ធប្រឆាំងយន្តហោះចម្បាំងដទៃៗផ្សេងទៀត ទំនងគឺជាអាវុធការពារខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនចង់បញ្ជូនទៅកាន់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
ជុំវិញរឿងនេះ អ្នកជំនាញមួយរូបបានយល់ឃើញថា ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) នាថ្ងៃបុណ្យឯករាជ្យនៃប្រទេសអ៊ុយក្រែននោះ បានស្តែងឲ្យឃើញពីចេតនាដុតរោលស្ថានការណ៍ ក៏ដូចជាភាពតានតឹងថែមទៀតជាមួយទីក្រុងម៉ូស្គូ ហើយការបញ្ជូនសព្វាវុធប្រភេទនេះ អាចជះផលប៉ះពាល់អាក្រក់ជាខ្លាំងទៅលើ ទំនាក់ទំនងអ៊ុយក្រែន-រុស្ស៊ី ក៏ដូចជាទំនាក់ទំនងអាមេរិក-រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ចាប់តាំងតែពីពេលរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច បានឡើងកាន់កាប់អំណាច បន្ទាប់ពីមានការផ្ទុះសកម្មភាពតវ៉ាដ៏កក្រើកកាលពីឆ្នាំ២០១៤ នៅពេលអតីតប្រធានាធិបតីអ៊ុយក្រែន ដែលគាំទ្រដោយវិមានក្រឹមឡាំង បានរត់ភៀសខ្លួនចេញពីប្រទេស៕