(បាងកក)៖ ទីបំផុតតុលាការកំពូលថៃនៅថ្ងៃសុក្រនេះ បានសម្រេចចិត្តនឹងចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ សីណាវ៉ាត់ (Yingluck Shinawatra) ក៏ប៉ុន្តែបែរជាពន្យាពេលប្រកាសសាលក្រមទៅលើការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ចំពោះការធ្វេសប្រហែសនៅក្នុងកម្មវិធីជួយទិញស្រូវពីកសិករទៅដល់ថ្ងៃទី២៧ ខែកញ្ញាវិញ។ លោកស្រី យីងឡាក់ នឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជាសាលក្រមតុលាការ គាំទ្រការចោទប្រកាន់ប្អូនស្រីបង្កើត លោក ថាក់ស៊ីន រូបនេះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
រដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន បានចោទប្រកាន់លោកស្រី Yingluck ថាបានធ្វើឱ្យខាតបង់ថវិការដ្ឋដល់ទៅ ០៨ពាន់លានដុល្លារ ដោយសារតែកម្មវិធីប្រមូលទិញស្រូវពីកសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ បានដិសេធការចោទប្រកាន់ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។ ដោយឡែក នៅមុនការប្រកាសសាលក្រមនេះដែរ ក្រុមអ្នកគាំទ្រលោកស្រី Yingluck បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការកំពូល ខណៈប៉ូលិស ៤,០០០នាក់ ត្រូវបានគេដាក់ពង្រាយ បើទោះជាលោកស្រីបានអំពាវនាវឱ្យអ្នកគ្រាំទ្រ របស់ខ្លួនកុំប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីតវ៉ាក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី Yingluck Shinatrawa បានជាប់ឆ្នោតកា្លយជានាយករដ្ឋមន្ត្រីថៃជាស្រ្តីដំបូងគេកាលពីឆ្នាំ២០១១ តែលោកស្រីត្រូវបានរដ្ឋាភិបាលយោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤៕