(ទីក្រុងប៉េកាំង)៖ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅឯតំបន់ភាគខាងជើងប្រទេស ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងដឹកនាំសមយុទ្ធយោធាប្រចាំឆ្នាំកំញើញកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិចិន សមយុទ្ធយោធាទ្រង់ទ្រាយធំមានរយៈពេល ១០ថ្ងៃនេះមានឈ្មោះថា «Fire Force 2017» ដែលនឹងត្រូវប្រព្រឹត្តជាពីរដំណាក់កាល ដោយមានការចូលរួមពីកងអង្គភាពទ័ពអាកាស ជាមួយនឹងការដាក់ពង្រាយបរិក្ខាយោធាទៅកាន់ខេត្តហ្គាន់ស៊ូ (Gansu)។ ចំណែកឯ សមយុទ្ធយោធាលើកទីពីរ នឹងត្រូវដំណើរការនៅភាគខាងជើងនៃតំបន់ស្វយ័តម៉ុងហ្គោលី ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ឆ្ងាយ និងរៀនពីយុទ្ធសាស្រ្តប្រយុទ្ធ ស្របពេលរដ្ឋាភិបាលចិនមានគំរោងដឹកនាំធ្វើសមយុទ្ធយោធាចំនួន០៩ លើកនៅក្នុងឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា សមយុទ្ធយោធារបស់ចិន ធ្វើឡើងនៅចំពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំបង្ហាញសាច់ដុំកូរ៉េខាងជើង បើទោះជាទីក្រុងប៉េកាំងបានអំពាវនាវឱ្យភាគីបញ្ឈប់ការធ្វើសមយុទ្ធយោធា ដែលខ្លួនយល់ថា គឺជាមូលហេតុមួយធ្វើស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹង៕