(បាងកក)៖ តុលាការកំពូលថៃត្រូវបានគេរំពឹងថា នឹងប្រកាសសាលក្រមផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ សីណាវ៉ាត់ (Yingluck Shinawatra) នៅថ្ងៃសុក្រនេះ សម្រាប់ការធ្វេសប្រហែស នៅក្នុងកម្មវិធីជួយទិញស្រូវកសិករនៅអំឡុងពេលដឹកនាំរដ្ឋាភិបាល ហើយដែលនេះអាចធ្វើឱ្យលោកស្រីប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
រដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន បានចោទប្រកាន់លោកស្រី Yingluck ថាបានធ្វើឱ្យខាតបង់ថវិការដ្ឋដល់ទៅ ៨ពាន់លានដុល្លារ ដោយសារតែកម្មវិធីប្រមូលទិញស្រូវពីកសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ បានដិសេធការចោទប្រកាន់ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។ ដោយឡែក នៅមុនការប្រកាសសាលក្រមនេះដែរ ក្រុមអ្នកគាំទ្រលោកស្រី Yingluck បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការកំពូល ខណៈប៉ូលិស ៤,០០០នាក់ ត្រូវបានគេដាក់ពង្រាយ បើទោះជាលោកស្រីបានអំពាវនាវឱ្យអ្នកគ្រាំទ្រ របស់ខ្លួនកុំប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរមកកាន់ទីក្រុងបាងកក ដើម្បីតវ៉ាក៏ដោយ។
គួរបញ្ជាក់ថា លោកស្រី Yingluck Shinatrawa បានជាប់ឆ្នោតកា្លយជានាយករដ្ឋមន្ត្រីថៃជាស្រ្តីដំបូងគេកាលពីឆ្នាំ២០១១ តែលោកស្រីត្រូវបានរដ្ឋាភិបាលយោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤៕