(អាមេរិក)៖ ក្រសួងការពារជាតិអាមេរិក និងប្រទេសដីកោះ ប៉ាឡាវ (Palau) ដែលមានប្រជុំកោះសរុបជាង ៥០០ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនោះ បានព្រមព្រៀងគ្នាក្នុងការកសាងប្រព័ន្ធរ៉ាដាដ៏ធំមួយ ដើម្បីជួយសហរដ្ឋអាមេរិក ក្នុងការអង្កេតមើលសកម្មភាពនានារបស់កូរ៉េខាងជើង ជាពិសេសគឺការបាញ់មីស៊ីលបង្កហេតុ ដែលជាការគំរាមកំហែងខ្លាំងដល់សន្តិសុខក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។
កិច្ចសហការខាងលើនេះ គឺត្រូវបានធ្វើឡើងរវាងមន្ទីរការពារជាតិបញ្ចកោណអាមេរិក និងមន្ទីរសន្តិសុខនាវាចរណ៍របស់ប្រទេសប៉ាឡាវ នៅលើកោះ ខូរ៉ូ (Koror)។ ជុំវិញគំរោងដ៏ធំនេះ ប្រធានាធិបតីប៉ាឡាវ លោក ថមមី រីម៉េងហ្គេសៅ (Tommy Remengesau) បានបញ្ជាក់ថា ប្រទេសដីកោះមួយនេះ បានព្រមព្រៀងឲ្យអាមេរិកធ្វើការបំពាក់ប្រព័ន្ធរ៉ាដា នៅលើប្រជុំកោះរបស់ខ្លួនហើយ។ ការសម្រេចនេះត្រូវបានរៀបចំឡើង ក្រោយពីកូរ៉េខាងជើងបានគំរាមវាយប្រហារកោះហ្គាំ ដែលស្ថិតនៅមិនឆ្ងាយប៉ុណ្ណោះពីទឹកដីប៉ាឡាវនោះ។
គួរបញ្ជាក់ថា យោងតាមកិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក បៀល គ្លីនតុន កាលពីខែតុលា ឆ្នាំ១៩៩៤ ប្រទេសប៉ាឡាវមិនចាំបាច់ត្រូវមានយោធា ឬប្រព័ន្ធការពារជាតិផ្ទាល់ខ្លួននោះឡើយ ដោយសន្តិសុខគ្រប់យ៉ាងត្រូវបានអាមេរិកធានារ៉ាប់រងទាំងអស់។ កោះប៉ាឡាវស្ថិតនៅសម្ងាយតែ ១,៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកោះហ្គាំ របស់សហរដ្ឋអាមេរិក៕