(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយសារ ព្យុះទីហ្វុងហាតូ (Hato) បានកើនដល់យ៉ាងតិច១២នាក់ហើយ ខណៈមនុស្សជាង១៥០នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីព្យុះដ៏មានឥទ្ធិពលមួយនេះ បានវាយប្រហារតាមបណ្តោយឆ្នេរភាគខាងត្បូង របស់ប្រទេសចិនកាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ ជាមួយល្បឿនខ្យល់យ៉ាងសន្ធប់រហូតដល់៤៥ម៉ែត្រក្នុងមួយវិនាទី ហើយបានបន្សល់ទុកស្លាមស្នាមនៃការបំផ្លិចបំផ្លាញហិនហោចជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ព្យុះទីហ្វុងដែលមានឈ្មោះថា «ហាតូ (Hato)» គឺជាព្យុះទីហ្វុងទី១៣ហើយ ដែលបានវាយប្រហារមកលើប្រទេសចិន ហើយប៉ុន្មានថ្ងៃកន្លងមកនេះ ទីភ្នាក់ងារឧតុនិយមជាតិចិន បានប្រកាសអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរដែលពាក់ព័ន្ធ និងប្រជាជនទាំងអស់ រួមគ្នាទប់ស្កាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្កឡើងដោយគ្រោះទឹកជំនន់ នៅតាមជួរភ្នំ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរអិលបាក់ដីដែលអាចកើតមានឡើង ដោយសារព្យុះទីហ្វុង ដែលបានបោកបក់សន្ធប់ទៅលើទីក្រុងម៉ាកាវ ហុងកុង និងខេត្តក្វាងទុង។
គួរបញ្ជាក់ថា ក្រៅពីមនុស្សបាត់បង់ជីវិត និងរបួសនោះ តំបន់រងការវាយប្រហារទាំងនេះ ក៏បានដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងផងដែរកាលពីថ្ងៃពុធ ហើយផ្ទៃដីដំណាំចំនួនប្រមាណ៦៦៤ហិកតាបានលិចលង់ថែមទៀតផង ស្របពេលដែលប្រជាជន ២៦,៨១៧នាក់ ត្រូវបង្ខំឲ្យភៀសខ្លួនទៅរក តំបន់សុវត្ថិភាពស្នាក់នៅ។ យ៉ាងណាមិញ នៅតាមតំបន់មួយចំនួនដូចជាខេត្តក្វាងទុងជាដើមនោះ បាននិងកំពុងតែស្តារស្ថានភាពនៅក្នុងខេត្តឡើងវិញហើយ បន្ទាប់ពីត្រូវបានព្យុះទីហ្វុងដែលមានឥទ្ធិពលខ្លាំងជាងគេបំផុតប្រចាំឆ្នាំ២០១៧នេះ វាយប្រហារ៕