(ម៉ូស្គូ)៖ យុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន មិនមែនជាសញ្ញាបន្ធូរបន្ថយភាពតានតឹងនោះទេ ហើយក្រុមឧទ្ទាមនឹងចាប់យកឱកាសនេះ ពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់។ នេះបើតាមអ្នកជំនាញយោធាអាហ្វហ្គានីស្ថានម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
កាលថ្ងៃចន្ទ លោក ដូណាល់ ត្រាំ នៅក្នុងសុន្ទរកថាបានប្រកាសពីយុទ្ធសាស្ត្រថ្មី ក៏ដូចបើកភ្លើងខៀវឱ្យមន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម ទៅកាន់អាហ្វហ្គានីស្ថាន ដើម្បី ជួយដល់កងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល ប្រយុទ្ធប្រឆាំងជាមួយពួកភេរវករ ជាពិសេសគឺពួកតាលីបង់តែម្ដង។
មួយវិញទៀតបើទោះជា លោក ត្រាំ មិនបានបញ្ជាក់ពីចំនួនកងទ័ពអាមេរិក ដែលត្រូវដាក់ពង្រាយបន្ថែមក៏ដោយ តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះបានបើកអនុញ្ញាតឱ្យមន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ពអាមេរិកបន្ថែមរហូតដល់ទៅ ៣,៩០០នាក់ ទៅកាន់អាហ្វហ្គានីស្ថាន។
តែយ៉ាងទោះជាយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik អ្នកជំនាញយោធាអាហ្វហ្គានីស្ថាន លោក ហ្សាវែដ កូហ៊ីស្តានី (Jawed Kohistani) បានគូសបញ្ជាក់ដូច្នេះថា «យុទ្ធសាស្ត្រថ្មីរបស់ លោក ត្រាំ គឺមានន័យថា សង្រ្គាមនៅអាហ្វហ្គានីស្ថាននឹងកាន់រីកធំឡើង រីឯការប្រឈមមុខដាក់គ្នាក្នុងនាមជាសត្រូវ ក៏នៅតែបន្តកើតមានផងដែរ... ហើយវាមានតែជួយឱ្យក្រុមតាលីបង់ ពង្រីកអំណាចរបស់ពួកគេនៅប៉ាគីស្ថាន និងនៅតាមប្រទេសក្បែរខាង ដែលគាំទ្រពួកគេតែប៉ុណ្ណោះ »។
គួររំលឹកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីឆ្នាំ២០០១មក បន្ទាប់ពីមានការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដោយ ទីក្រុងវ៉ាស៊ីនតោនចោតថា ពួកតាលីបង់មានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនេះ៕