(សិង្ហបុរី)៖ សាកសពមនុស្សម្នាក់ ដែលត្រូវបានកងទ័ពជើងទឹកម៉ាឡេស៊ី រកឃើញមិនមែនជាសាកសពនាវិក នៃនាវាពិឃាតអាមេរិក USS John S McCain នោះទេ។ នេះបើតាមកងអង្គភាព ទ័ពជើងទឹកអាមេរិកទី០៧ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមានការធ្វើកោសល្យវិច័យផ្នែកវេជ្ជសាស្ត្រ ហើយសាកសពនេះ នឹងត្រូវបញ្ជូនត្រឡប់ទៅឱ្យអាជ្ញាធរម៉ាឡេស៊ីវិញ។ យោងតាមអាជ្ញាធរម៉ាឡេស៊ី សាកសពខាងលើត្រូវបានគេប្រទះឃើញកាលពីថ្ងៃអង្គារ នៅអំឡុងប្រតិបត្តិការមួយ នៅឯភាគខាងកើតឆ្នេរសមុទ្រសិង្ហបុរី ជាទីដែលនាវាពិឃាតអាមេរិក John S McCain បានបុកគ្នា ជាមួយនាវាដឹកប្រេងមួយគ្រឿងកាលពីថ្ងៃចន្ទ ដោយបណ្ដាលឱ្យនាវិកអាមេរិក ០៤នាក់ រងរបួស និង១០នាក់ ផ្សេងទៀតបាត់ខ្លួន។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ នាវាបីគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងមកពីឥណ្ឌូណេស៊ី ព្រមទាំងយន្ដហោះល្បាតអូស្ត្រាលីមួយគ្រឿងផងដែរ បានចូលរួមជាមួយសិង្ហបុរី និងម៉ាឡេស៊ី ក្នុងប្រតិបត្តិការ តាមស្វែងរកនាវិកអាមេរិកកំពុងបាត់ខ្លួន៕