(វៀងច័ន្ទ)៖ ក្រសួងកិច្ចការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ នឹងជំរុញការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍនាពេលអនាគត របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសសន្និសីទអាស៊ានមួយ នៅក្នុងទីក្រុងវៀងច័ន្ទ អនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក ហួមផាន់ អ៊ីនថារ៉ាត់ (Houmphanh Intharath) បានលើកឡើងថា អ្នកវិទ្យាសាស្រ្តមានភារកិច្ចយ៉ាងសំខាន់ ក្នុងការបង្កើតភាពយុត្តិធម៌នៅក្នុងសង្គម និងចូលរួមចំណេកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌ ក៏ដូចជាវប្បធម៌ប្រកបដោយចីរភាពរបស់ប្រទេសឡាវ។ លោកអនុរដ្ឋមន្រ្តីបានថ្លែងថា រឿងនេះអាចត្រូវសម្រេចបាន តាមរយៈការបង្កើនវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំដៅឆ្ពោះទៅរកការប្រែក្លាយឡាវឲ្យទៅជាប្រជាជាតិឧស្សាហកម្មដ៏រីកចម្រើន និងលេចធ្លោមួយ។
លោក Houmphanh បានបន្តថា «ឡាវត្រូវការធ្វើការជំរុញលើកទឹកចិត្ត និងបង្កើតក្រុមអ្នកជំនាញ ដែលមានជំនាញប៉ិនប្រសព្វខាងផ្នែកវិទ្យាសាស្រ្ត ដែលចាំបាច់ក្នុងការពង្រឹងដំណើរការនៃការអភិវឌ្ឍនេះ ហើយយើងក៏ត្រូវការដើរតាមភាពរីកចម្រើននៃវិស័យវិទ្យាសាស្រ្ត នៅក្នុងបណ្តាប្រទេសអាស៊ានដទៃៗទៀតផងដែរ ជាពិសេសនៅចំពោះមុខ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានតែម្តង»។
គួរបញ្ជាក់ថា សព្វថ្ងៃប្រទេសឡាវ មានអ្នកឯកទេសខាងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តម្នាក់ ក្នុងចំណោមមនុស្ស ១០,០០០នាក់។ ជាមួយគ្នានេះ គោលដៅរបស់រដ្ឋាភិបាលឡាវ នឹងធ្វើយ៉ាងបង្កើតឲ្យបានអ្នកវិទ្យាសាស្រ្តជំនាញចំនួន ១១នាក់ ក្នុងចំណោមមនុស្ស ១០,០០០នាក់ នៅត្រឹមឆ្នាំ២០២០ ដោយមន្រ្តីរដ្ឋាភិបាលបានអះអាងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ជាចម្បង ទៅលើការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យវិទ្យាសាស្រ្ត៕