(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មផ្នែកទិដ្ឋការលើប្រទេសចំនួន០៤ ដែលបានបដិសេធទទួល​យក​ពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅដោយខុសច្បាប់នៅសហរដ្ឋអាមេរិក។ ការទណ្ឌកម្ម​នេះទៀតសោត អាចនឹងផ្ដល់ផលលំបាកដល់ពលរដ្ឋ​ នៃ​ប្រទេស​ទាំង​០៤​ខាង​លើ ក្នុងការស្នើសុំទិដ្ឋការដើម្បីជាន់ដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមក្រសួងសន្តិសុខសហរដ្ឋអាមេរិក ​ទិដ្ឋាការ​នេះត្រូវរឹតបន្តឹងលើប្រទេសចំនួនក្នុងនោះមានដូចជា អេរីទ្រា, ហ្គីនៀ, សៀរ៉ា លីអូន និងកម្ពុជា សម្រាប់ការមិនព្រមទទួលយក ឬពន្យាពេល ឬក៏ធ្វើមាតុភូមិវត្តន៍ពលរដ្ឋរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកព្យាយាមបណ្ដេញពួកគេចេញពីប្រទេស ក្រោមហេតុផលពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋ ឬរស់នៅដោយខុសច្បាប់។ ក្រសួងដដែលនេះបានបន្តទៀតថា ព័ត៌មានជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​នេះ កើតមានឡើង​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​លិខិត​មួយ​ដែល​ក្រសួង​បានផ្ញើ​ទៅ​ឲ្យ​ក្រសួង​ការបរទេស ដែលនឹងត្រូវ​សម្រេចចិត្តទៅតាមដំណាក់កាលនីមួយៗ។

គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៦ ថ្លែងនៅក្នុងសុន្ទរកថាលោក ដូណាល់ ត្រាំ បានលើកឡើងថាមានប្រទេសចំនួន២៣ បានបដិសេធទទួលយកពលរដ្ឋ របស់ពួកគេវិញ ក្រោយ ពួកគេទំាងនេះ ក្នុងនោះមានឧក្រិដ្ឋជន ក្នុងចំនួនដ៏ច្រើន ត្រូវបានបង្គាប់ឱ្យចេញពីសហរដ្ឋអាមេរិក៕