លិចទូកដឹកអ្នកដំណើរនៅប្រេស៊ីល «ឆក់យកជីវិតមនុស្ស ១៩នាក់ និង ៣០នាក់បាត់ខ្លួនក្នុងទន្លេ»
24-08-2017 14:22
(ប្រេស៊ីល)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកដំណើរប្រមាណជាង ៧០នាក់ បានលិចនៅក្នុងទឹកទន្លេស្ថិតនៅភាគខាងជើង នៃប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរប្រេស៊ីល ទូកដឹកអ្នកដំណើរខាងលើបានក្រឡាប់លិច កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ នៅឯទន្លេ ស៊ីងហ្គូ (Xingu) នៃភាគខាងជើងរដ្ឋប៉ារ៉ា (Para) ស្ថិតក្នុងតំបន់អាម៉ាហ្សូន (Amazone)។ ដោយឡែកសារព័ត៌មាន Folha de S.Paulo ក៏បានរាយការណ៍ដែរថា ទូកមួយគ្រឿងនេះបានធ្វើដំណើរកាលពីយប់ថ្ងៃចន្ទ ចេញពីទីក្រុង សាន់តារ៉ែម (Santarem) ឆ្ពោះទៅកាន់ ទីក្រុងវិតូរៀ (Vitoria) នៃទន្លេ Xingu ក៏ប៉ុន្តែស្រាប់ជួបគ្រោះថ្នាក់ ដោយបណ្ដាលឱ្យមនុស្ស ១៩នាក់ស្លាប់ និង៣០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ខណៈមនុស្ស ២៥នាក់ ត្រូវបានជួយសង្រ្គោះ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះមូលហេតុនៃគ្រោះថ្នាក់លិចទូកនេះ មិនទាន់ត្រូវគេបញ្ជាក់នៅឡើយទេ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងតែត្រូវបានធ្វើឡើង៕