(ប៉េកាំង)៖ មន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា សហរដ្ឋអាមេរិកត្រូវតែផ្ដល់តម្លៃដល់តួនាទីរបស់ប៉ាគីស្ថាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងគោរពការព្រួយបារម្ភរបស់ពួកគេ ចំពោះបញ្ហាសន្តិសុខផ្ទាល់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Yang Jiechi ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប៉ាគីស្ថានជាសាធារណៈថា បានក្លាយជាជម្រកដ៏សុខសាន្តសម្រាប់ ពួកភេរវករដែលរត់មកពីអាហ្វហ្គានីស្ថាន បើទោះជាទីក្រុងអ៊ីស្លាម៉ាបាដបដិសេធជាច្រើនដង និងអះអាងថា ខ្លួនក៏ជនរងគ្រោះនៃអំពើភេរវកម្មក៏ដោយ។
ជាមួយគ្នានោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Yang បានប្រាប់ លោក ធីល្លឺសុន កាលពីថ្ងៃពុធយ៉ាងដូច្នេះថា «ចិនពិតជាចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករនៅ អាហ្វហ្គានីស្ថាន ព្រមទាំងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាព និងស្ថេរភាពក្នុងប្រទេសមួយនេះ និងតំបន់ទាំងមូល... ក៏ប៉ុន្តែយើងត្រូវតែផ្ដល់តម្លៃដល់តួនាទីរបស់ប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន ក៏ដូចជាគោរពឱ្យបាននូវអធិបតេយ្យភាព និងការព្រួយបារម្ភដ៏សមហេតុសមផលលើបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់ប៉ាគីស្ថាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្ត្រអាមេរិក នៅអាហ្វហ្គានីស្ថានដោយលោកថែមទាំងបានសន្យា បញ្ជូនកងទ័ពអាមេរិកបន្ថែម ដើម្បីជួយដល់រដ្ឋាភិបាលទីក្រុងកាប៊ុល ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ ក៏ប៉ុន្តែក្រុមឧទ្ទាមតាលីបង់ ក៏បានព្រមានដែរថា ពួកគេនឹងតស៊ូរហូតដល់ទីបំផុត បើទោះជានៅសល់កងទ័ព អាមេរិកតែម្នាក់នៅលើទឹកដីអាហ្វហ្គានីស្ថានក៏ដោយ ហើយនឹងយកអាហ្វហ្គានីស្ថានធ្វើទីបញ្ចុះសពអាមេរិក បើទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទ័ពចេញទេនោះ៕