(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចេមស៍ ក្លេបភើ (James Clapper) បាននិយាយថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុចប៊ូតុងនុយក្លេអ៊ែរវាយប្រហារលើកូរ៉េខាងជើង។ ការលើកឡើងបែបនេះរបស់ លោក Clapper ធ្វើឡើងដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ លោក ដូណាល់ ត្រាំ ទាក់ទិននឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាមួយរយៈពេលចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Politico នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក James Clapper ជាអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ ក៏បានបង្ហាញការសង្ស័យលើ សមត្ថភាពដឹកនាំប្រទេសរបស់ លោក ដូណាល់ ត្រាំ ផងដែរ។ លោក Clapper បានគូសបញ្ជាក់ដូច្នេះថា « បើសិនជាគាត់ (លោក ត្រាំ) ខឹងខ្លាំងទប់លែងបានគាត់អាចនឹងសម្រេចចិត្តធ្វើអ្វី ម្យ៉ាងប្រឆាំងនឹង លោក គីម ជុងអ៊ុន ហើយគ្មាននរណាម្នាក់អាចឃាត់គាត់បានឡើយ... ដូច្នេះខ្ញុំពិតជាបារម្ភចំពោះភាពត្រឹមត្រូវ នៃការប្រើប្រាស់លេខសម្ងាត់នុយក្លេអ៊ែរ។ ប្រព័ន្ធនុយក្លេអ៊ែរ ទាំងមូលត្រូវបានបង្កើតឡើង ដើម្បីធ្វើការឆ្លើយតបយ៉ាងរហ័សក្នុងករណីចាំបាច់។ ជាងនេះទៅទៀត ខ្ញុំពិតជាចង់ចោទសួរខ្លាំងណាស់ ទាក់ទិននឹងសមត្ថភាព និងលក្ខខណ្ឌនៃកាយសម្បទាន របស់លោក (លោក ត្រាំ) ក្នុងការបំពេញភារកិច្ច»។
គួររំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយបានគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង ក៏ប៉ុន្តែក្រោយមកប្រធានាធិបតី អាមេរិករូបនេះស្រាប់តែសរសើរ លោក គីម ជុងអ៊ុន ថាបានសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់ការពន្យាពេលបាញ់គ្រាប់មីស៊ីល ឆ្ពោះទៅកាន់ដែនទឹកក្បែរកោះហ្គាំ (Guam)។ ចំណែកឯ ក្រុមអ្នកជំនាញខ្លះយល់ថា សង្រ្គាមជាមួយកូរ៉េខាងជើង ពិបាកនឹងអាចកើតឡើងណាស់ ពីព្រោះវ៉ាស៊ីនតោនដឹងយ៉ាងច្បាស់ថា សង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង គឺជាសង្រ្គាមនុយក្លេអ៊ែរ ហើយចិន និងរុស្ស៊ី ក៏នឹងមិនឈរឱបដៃមើលសហរដ្ឋអាមេរិក ផ្ដួលរំលំរបបដឹកនាំ លោក គីម ជុងអ៊ុនដែរ៕