(បាកដាត)៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានអំពាវនាវឱ្យកងកម្លាំងឃើដ ពន្យាពេលនៃការបោះឆ្នោតប្រជាមតិស្ដីពីការប្រកាសឯករាជ្យ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ។ ព្រមពេលជាមួយគ្នា តួកគីក៏បានអំពាវនាវឱ្យឃើដលុបចោលគំរោងនេះទំាងស្រុង ក៏ប៉ុន្តែមេដឹកនាំឃើដ មិនចង់ផ្លាស់ប្ដូរគំរោងរបស់ពួកគេ ដោយគ្មានអ្វីតបស្នងមកវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទកន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ បាឌី (Haider al-Abadi) និងថ្នាក់ដឹកនាំអ៊ីរ៉ាក់ជាច្រើននាក់ បានធ្វើដំណើរទៅកាន់ទីក្រុង អ៊ែប្រ៊ីល (Erbil) ជារដ្ឋធានីរបស់ឃើដ ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ហើយប្រធានបទសំខាន់នៃកិច្ចសន្ទនារវាងភាគីទាំងពីរ នោះគឺគំរោងរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ។ ដោយឡែកនៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឃើដ លោក ម៉ាឡា បាខាធា (Mala Bakhtiar) បាននិយាយត្រង់ៗថា អ៊ីរ៉ាក់ បានផ្ដល់ហិរញ្ញវត្ថុ និងសម្បទាននយោបាយ ជាថ្នូរនឹងកិច្ចព្រមព្រៀងពន្យាពេលការបោះឆ្នោតប្រជាមតិ ក៏ប៉ុន្តែឃើដមិនចង់ពន្យាពេលគំរោងនេះ ដោយគ្មានការកំណត់កាលបរិច្ឆេទថ្មីឡើយ។ ចំណែកឯ អ្នកចរចាឃើដ លោក អាប៊ឌុលឡាហ៍ អាល់ ហ្សេឌី (Abdullah al-Zaidi) ក៏បញ្ជាក់ដែរថា ឃើដចង់បានការធានាមួយចំពោះបញ្ហានេះ ហើយថាកិច្ចចរចាជុំទី០២ អាចនឹងត្រូវធ្វើឡើងក្នុងទីក្រុងបាកដាដ នៅចុងខែសីហានេះ។
គួរបញ្ជាក់ថា កងកម្លាំងឃើដកំពុងគ្រប់គ្រងតំបន់នៅជុំវិញទីក្រុងម៉ូស៊ូល ដែលសម្បូរទៅដោយប្រជាជនចំរុះជាតិសាសន៍ និងអ្នកកាន់និកាយខុសៗគ្នាជាច្រើន ក្នុងនោះមានដូចជា អារ៉ាប់, តួក, ឃើដ, យ៉ាហ្ស៊ីឌី, គ្រីស្ដ, ស៊ុននី និងស៊ីអ៊ីតជាដើម។ ដូច្នេះការធ្វើប្រហែស ឬការប្រព្រឹត្តកំហុសឆ្គងណាមួយ អាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើង៕