(រីយ៉ូ)៖ តុលាការប្រេស៊ីលបានសម្រេចផ្តន្ទាទោស អតីតកំពូលកីឡាករបាល់ទាត់របស់ក្លឹប Real Madrid និងជម្រើសជាតិរបស់ប្រទេសប្រេស៊ីល លោក រ៉ូប៊ឺតូ កាឡូស (Roberto Carlos) ដាក់ពន្ធនាគារចំនួន០៣ខែ ដោយសារតែមិនបានបង់ថ្លៃឧបត្ថម្ភដល់កូនៗរបស់លោក ជាមួយអតីតមិត្តស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមតុលាការខាងលើ លោក Carlos ជំពាក់ប្រាក់អតីតមិត្តស្រីរបស់លោក គឺអ្នកនាង បាបារ៉ា ស៊ឺឡឺ (Barbara Thirler) ចំនួនប្រមាណ ២០,០០០ដុល្លារ ពាក់ព័ន្ធនឹងការចេញថ្លៃឧបត្ថម្ភដល់កូនៗចំនួន ០២នាក់របស់លោកជាមួយនឹងអ្នកនាង Thurler។ ស្របពេលជាមួយគ្នា មេធាវីរបស់ម្ចាស់ជើងឯកនៃពានបាល់ទាត់ពិភពលោក World Cup រូបនេះ បានចេញមុខអះអាងថា បញ្ហារឿងក្តីក្តាំងនេះ នឹងត្រូវបន្តដោះស្រាយ ដោយមិនឲ្យលោក Carlos ជាប់ពន្ធនាគារនោះឡើយ។
គួរបញ្ជាក់ថា លោក Carlos ដែលជាឪពុករបស់កូនៗដល់ទី ០៩នាក់ នោះសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសអេស៉្បាញ និងមានតួនាទីជាអគ្គរដ្ឋទូតសម្រាប់ក្លឹបបាល់ទាត់ Real Madrid៕