(ប៉េកាំង)៖ មនុស្សចំនួន ០៩នាក់ស្លាប់ និង ១៥៣នាក់រងរបួស នៅក្នុងទីក្រុងម៉ាកាវ ហុងកុង និងខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បាននិងកំពុងវាយប្រហារតាមបណ្តោយឆ្នេរភាគខាងត្បូងនៃប្រទេសកាលពីរសៀលថ្ងៃពុធ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាមួយល្បឿនខ្យល់យ៉ាងសន្ធប់រហូតដល់ ៤៥ម៉ែត្រក្នុងមួយវិនាទី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
ព្យុះទីហ្វុងដែលមានឈ្មោះថា «ហាតូ (Hato)» គឺជាព្យុះទីហ្វុងទី ១៣ ហើយ ដែលបានវាយប្រហារមកលើប្រទេសចិន។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជាតិចិន បានប្រកាសអំពាវនាវឲ្យអាជ្ញាធរដែលពាក់ព័ន្ធ និងប្រជាជនទាំងអស់ រួមគ្នាទប់ស្កាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្កឡើងដោយគ្រោះទឹកជំនន់ នៅតាមជួរភ្នំ និងធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរអិលបាក់ដីដែលអាចកើតមានឡើង។
គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និងរបួសនោះ ទីក្រុងម៉ាកាវដ៏ទំនើបរបស់ចិន ក៏បានដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងផងដែរកាលពីថ្ងៃពុធ ហើយដោយឡែកនៅខេត្តក្វាងទុងវិញ ផ្ទៃដីដំណាំចំនួន ៦៦៤ហិកតារងការលិចលង់ និងប្រជាជន ២៦,៨១៧នាក់ត្រូវបង្ខំឲ្យភៀសទៅរកតំបន់សុវត្ថិភាពស្នាក់នៅ។ បច្ចុប្បន្នក្រុមសង្គ្រោះកំពុងតែព្យាយាម ដើម្បីសង្គ្រោះភូមិប្រជាជនដែលងាយរងគ្រោះ ខណៈភយន្តរាយនៃទឹកកកជំនន់ដែលបង្កឡើងដោយព្យុះ ហាតូ អាចនឹងមានទំហំធំធេងខ្លាំងណាស់ ប្រចាំឆ្នាំ២០១៧នេះតែម្តង៕