(យ៉េមែន)៖ កងយន្តហោះចម្បាំងដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ដែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកចំ ទៅលើសណ្ឋាគារមួយកន្លែង ក្បែររដ្ឋធានី សាណាអា (Sanaa) នៃប្រទេសយ៉េមែន កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះនោះ (ពេលវេលានៅតំបន់កើតហេតុ) បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៦០នាក់ និងជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។
សណ្ឋាគារកម្ពស់ពីរជាន់ដែលបានទទួលរងការវាយប្រហារនេះ ដែលស្ថិតក្នុងតំបន់ បេត អាល់ អ៊ែដហារី (Bait al-Edhari) នៃស្រុក អាហាប (Arhab) ភាគខាងជើងទីក្រុង សាណាអា (Sanaa) ដែលជាទីជម្រករបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ហួសទី (Houthi) របស់ប្រទេសយ៉េមែន។ ពុំមាននរណាម្នាក់ដឹងថា មានមនុស្សសរុបចំនួនប៉ុន្មាននាក់ ដែលស្ថិតនៅទីនោះក្នុងអំឡុងពេលកើតហេតុនោះឡើយ ក៏ប៉ុន្តែភ្នាក់ងារជួយសង្រ្គោះបានឲ្យដឹងថា មកទល់ពេលនេះ ពួកគេអូសបានសាកសពចំនួន ៦០នាក់ ហើយចេញពីក្រោមគំនរបាក់បែករបស់អគារសណ្ឋាគារ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម Houthi បាននិងកំពុងប្រយុទ្ធតតាំងយ៉ាងស្វិតស្វាញប្រឆាំងនឹងរដ្ឋាភិបាលយ៉េមែន ដែលគាំទ្រដោយព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តដទៃៗទៀតនៅក្នុងសង្រ្គាមស៊ីវិលនៃប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលបើតាមរបាយការណ៍ចេញផ្សាយដោយ ទីភ្នាក់ងាររបស់ UN បានផ្តាច់យកជីវិតមនុស្សច្រើនជាង ១០,០០០នាក់ (ភាគច្រើនជាជនស៊ីវិល) និងមនុស្សជាង ០៣លាននាក់ទៀតបាត់បង់ទីជ្រកកោន ហើយត្រូវភៀសខ្លួន៕