(ម៉ូស្គូ)៖ អ្នកជំនាញយោធារុស្ស៊ី លោក អូឡេក ផូណូម៉ារិនកូ (Oleg Ponomarenko) បាននិយាយថា ការធ្វេសប្រហែស គឺជាមូលហេតុនៅពីក្រោយគ្រោះថ្នាក់ នាវាពិឃាតអាមេរិក USS John S. McCain បុក ជាមួយនាវាដឹកប្រេងមួយគ្រឿងនៅក្បែរច្រកសមុទ្រ ម៉ាឡាក់កា (Malacca) កាលពីថ្ងៃចន្ទ ដែលបណ្ដាលឱ្យនាវិក ០៥នាក់ រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Ponomarenko បានលើកឡើងយ៉ាងដូច្នេះថា «គេមិនអាចទម្លាក់កំហុស តែទៅលើបញ្ហាបច្ចេកទេសមួយមុខនោះទេ តែទិដ្ឋភាពខាងក្រៅ ក៏អាចជាបញ្ហាដែរ ក្នុងនោះរួមមានទាំងបរិក្ខានាវា និងក្រុមនាវិកពិសេស ដែលជាអ្នកត្រួតពិនិត្យមើលស្ថានភាពនៅជុំវិញនាវាមួយនេះ... ហើយខ្ញុំគិតថាការធ្វេសប្រហែសអាចជាមូលហេតុ នំាឱ្យនាវាពិឃាតអាមេរិកបុកជាមួយនាវាដឹកប្រេង»។
គួររំលឹកថា គ្រោះថ្នាក់បុកគ្នារវាងនាវាពិឃាតអាមេរិក USS John S. McCain និងនាវាដឹកប្រេងឈ្មោះ Alnic MC កាលពីថ្ងៃចន្ទ បានបង្កឱ្យនាវិក ០៥នាក់រងរបួស និង១០នាក់ផ្សេងទៀតបាត់ខ្លួន ហើយមួយថ្ងៃបន្ទាប់សហរដ្ឋអាមេរិក បានសម្រេចចិត្តផ្អាកប្រតិបត្តិការនាវាចម្បាំងរបស់ខ្លួន នៅទូទាំងពិភពលោក។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនទាន់បញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការណ៍៕