ព្យុះទីហ្វុងហាតូ បោកសង្គ្រប់លើទីក្រុងហុងកុង និងម៉ាកាវ ផ្តាច់ជីវិតមនុស្ស ០៣នាក់ និងបង្ករបួស ៣០នាក់!
23-08-2017 16:43
(ប៉េកាំង)៖ មនុស្សចំនួន ០៣នាក់ នៅក្នុងទីក្រុងម៉ាកាវ បានបាត់បង់ជីវិត ខណៈយ៉ាងតិច ៣០នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់-ស្រាល នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បាននិងកំពុងវាយប្រហារ តាមបណ្តោយឆ្នេរភាគខាងត្បូងនៃប្រទេសចិន នារសៀលថ្ងៃពុធនេះ ជាមួយល្បឿនខ្យល់យ៉ាងសន្ធប់រហូតដល់ ៤៥ម៉ែត្រ ក្នុងមួយវិនាទី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្យុះទីហ្វុងដែលមានឈ្មោះថា «ហាតូ (Hato)» គឺជាព្យុះទីហ្វុងទី ១៣ ហើយ ដែលបានវាយប្រហារមកលើប្រទេសចិន។ ជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជាតិចិន បានប្រកាសឲ្យអាជ្ញាធរដែលពាក់ព័ន្ធ និងប្រជាជនទាំងអស់ រួមគ្នាទប់ស្កាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្កឡើងដោយគ្រោះទឹកជំនន់ នៅតាមជួរភ្នំ និងគ្រោះរអិលបាក់ដីជាដើម៕