(ម៉ូស្គូ)៖ នាវាផ្ទុកយន្ដហោះចម្បាំងរុស្ស៊ី Admiral Kuznetsov ត្រូវគេរំពឹងថា អាចនឹងត្រូវបានយកមកប្រើប្រាស់ នៅឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីជួសជុលរួចរាល់ ដោយនាវាចម្បាំងនេះនឹងត្រូវគេយកទៅជួសជុល និងធ្វើការអភិឌ្ឍន៍ឡើងវិញនៅឆ្នាំ២០១៨ ប្រើពេលបីឆ្នាំដើម្បីបញ្ចប់ការងារនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងនៅឯវេទិកាកងទ័ពឆ្នាំ២០១៧ នៅថ្ងៃពុធនេះ មេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ី លោក វីកទ័រ ប៊ឺស៊ុក (Viktor Bursuk) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាវាផ្ទុកយន្ដហោះចម្បំាង Admiral Kuznetsov នឹងត្រូវយកទៅជួសជុលឡើងវិញ នៅឆ្នាំ២០១៨ ហើយការជួសជុលនេះទៀតសោត បើតាមគំរោងអាចមានរយៈពេល ០២ឆ្នាំកន្លះ ទៅ០៣ឆ្នាំ។ ក៏ប៉ុន្តែនាវាចម្បាំង នេះពុំទាន់មានគំរោងធ្វើដំណើរទៅកាន់ ប្រទេសស៊ីរីនៅឡើយទេ»។
គួរបញ្ជាក់ថា បើតាម លោក Viktor Bursuk ការងារជួសជុលនាវាផ្ទុកយន្ដហោះចម្បំាង Admiral Kuznetsov អាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៧នេះ ហើយក៏ពុំមានការផ្លាស់ប្ដូរច្រើននៅលើនាវានេះដែរ ខណៈការស្វែងរកកំហុស ឬក៏ការខូចខាតនឹងត្រូវធ្វើសឡើង ដើម្បីកំណត់កាលបរិច្ឆេទជួសជុលឡើងវិញ។ ប្រទេសរុស្ស៊ីបច្ចុប្បន្ន មាននាវាដឹកយន្តហោះចម្បាំងតែមួយគ្រឿងប៉ុណ្ណោះ កំពុងដំណើរការ ខណៈមួយចំនួនទៀតត្រូវបានដាក់ឲ្យចូលនិវត្តន៍ប៉ុន្មានឆ្នាំមកហើយ។ ប៉ុន្តែឆ្លើយតបនឹងស្ថានការណ៍តានតឹងនៃពិភពលោកបច្ចុប្បន្ន នាវាចម្បាំងមួយចំនួននឹងត្រូវជួសជុលឡើងវិញ ដើម្បីបង្កើនប្រតិបត្តិការនៅលើផ្ទៃសមុទ្រ៕