(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យបង្កើនការផលិតក្បាលគ្រាប់ និងម៉ាស៊ីនសម្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ថែមទៀត នៅចំពោះមុខភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
ការបង្គាប់ខាងលើត្រូវបានធ្វើឡើង កំឡុងពេលនៃការធ្វើទស្សនកិច្ចរបស់លោក គីម ទៅកាន់វិទ្យាស្ថានវត្ថុធាតុគីមី នៃបណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងត្បូង ដែលត្រូវគេរាយការណ៍ថា មាននាទីទទួលបន្ទុកលើការផលិតម៉ាស៊ីនគ្រាប់រ៉ុក្កែត-មីស៊ីល និងក្បាលគ្រាប់សម្រាប់បំពាក់នៅលើនោះ ក៏ប៉ុន្តែកាលបរិច្ឆេទនៃការចុះទស្សនកិច្ចនេះ ពុំត្រូវបានបញ្ជាក់ថាកាលពីពេលណានោះឡើយ។
គួរបញ្ជាក់ថា ភាពតានតឹងនៃស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ បានកើនឡើងកម្តៅយ៉ាងខ្លាំងក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ដោយសារតែការធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ធ្វើឡើងដោយទីក្រុងព្យុងយ៉ាង ដែលឈាននៅដល់ការគំរាមវាយប្រហារគ្នាទៅវិញទៅមក រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក៕