(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាននៅថ្ងៃពុធនេះ បានសម្ដែងការសោកស្ដាយ និងរិះគន់យ៉ាងខ្លាំង លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ជាសាធារណៈថា ប៉ាគីស្ថានបានកា្លយជា «ជម្រកឋានសួគ៌ខ្លួនសម្រាប់ពួកភេរវករ» ដែលកំពុងបង្កអស្ថេរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសប៉ាគីស្ថានបានលើកឡើងដូច្នេះថា «គ្មានប្រទេសណាមួយ រងគ្រោះភេរវកម្មខ្លាំងជាងប៉ាគីស្ថាននោះទេ... ការវាយប្រហារទាំងនេះ តែងតែកើតឡើងជារឿយៗនៅក្បែរព្រំដែនរបស់យើង... ហើយយើងពិតជាសោកស្ដាយ និងខកចិត្តបំផុត ចំពោះសេចក្ដីការណ៍របស់សហរដ្ឋអាមេរិក ដែលមិនអើពើនឹងការលះបង់ពីភាគប៉ាគីស្ថាន»។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយស្ដីពីយុទ្ធសាស្រ្តអាមេរិក នៅអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ជាសាធារណៈថា ប៉ាគីស្ថានកំពុងកា្លយជាជម្រកជនភៀសខ្លួនដ៏សុខសាន្តសម្រាប់ពួកភេរវករ ហើយមិនតែប៉ុណ្ណោះលោកក៏បានសន្យាបង្កើន កិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដែលជាគូរប្រជែងដ៏ធំរបស់ប៉ាគីស្ថានផងដែរ ក្នុងការប្រយុទ្ធប្រឆាំងពួកភេរវករនៅអាហ្វហ្គានីស្ថាន និងនៅក្នុងតំបន់អាស៊ី។
មួយវិញទៀតបើទោះជា លោក ត្រាំ មិនបានបញ្ជាក់ថា ពីចំនួនកងទ័ពអាមេរិកត្រូវដាក់ពង្រាយក៏ដោយ តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បានបើកភ្លើងខៀវឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម រហូតដល់ទៅ ៣,៩០០នាក់ទៅកាន់ អាហ្វហ្គានីស្ថាន៕