(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញកម្រងរូបភាពដ៏អស្ចារ្យ ស្តែងពីទិដ្ឋភាពនៃបាតុភូតសូរ្យគ្រាសទាំងស្រុង នៅលើសហរដ្ឋអាមេរិក ដែលថតបានពីស្ថានីយ៍អវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Evening Standard នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
រូបភាពទាំងនេះ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយអវកាសយានិក លោក ផាវឡូ ណេសផូលី (Paolo Nespoli) បានលាតត្រដាងឲ្យឃើញពីទិដ្ឋភាពដ៏ប្លែកថ្មីមួយ នៃសូរ្យគ្រាស ដែលបានកើតមានឡើងនៅទូទាំងសហរដ្ឋអាមេរិក ស្របពេលដែលមនុស្សរាប់លាននាក់នៅទីនោះ បានទន្ទឹងរង់ចាំមើលវា ដោយភាពអស្ចារ្យក្នុងអារម្មណ៍។
គួរបញ្ជាក់ថា ឆ្នាំនេះជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបាតុភូតសូរ្យគ្រាសទាំងស្រុងបានកើតមានឡើង ចាប់ពីចុងម្ខាងទៅដល់ចុងម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិកបែបនេះ។ ចាប់ផ្តើមពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិចប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន១២ផ្សេងទៀតនៅចន្លោះនោះ ព្រះច័ន្ទបានធ្វើដំណើរគោចរទៅបាំងពន្លឺទាំងស្រុងរបស់ព្រះអាទិត្យរយៈពេលជាងពីរនាទី នៅតាមទីតាំងនីមួយៗ ដែលស្ថិតក្នុងគន្លងស្រមោលរបស់វា៕