(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រាប់ថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួបប្រធានាធិបបតី លោក វ្ល៉ាឌីមៀ ពូទីន ខណៈឈ្មោះមេដឹកនាំអាមេរិកឡាទីនមួយនេះ កំពុងស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិក ជាមួយនឹងលោក គីម ជុងអ៊ីន ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីការ៉ាកាស់ លោក Maduro បាននិយាយដូច្នេះថា «ខ្ញុំគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកយើងនឹងរឹតបន្តឹងទំនាក់ទំនាក់ទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត»។ បន្ថែមពីនេះលោក Maduro បានគូសបញ្ជាក់ថា វេណេស៊ុយអេឡា និងរុស្ស៊ីសម្រេចបាននូវការជឿជាក់ និងទំនុកចិត្តលើគ្នាទៅវិញទៅមក ខណៈលោកប្រធានាធិបតីវេណេស៊ុយអេឡា បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន គឺជាមេដឹកនាំពិភពលោកដ៏ចម្បងមួយរូប ដែលព្យាយាមខិតខំប្រឹងប្រែង ដើម្បីសន្តិភាពយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការវេណេស៊ុយអេឡា-រុស្ស៊ី បាននិងកំពុងមានការរីកចម្រើនឡើង ស្របពេលដែលប្រទេសអាមេរិកឡាទីនមួយនេះ កំពុងទទួលរងសម្ពាធពីបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ជាមួយគ្នា ក៏ដូចជាទណ្ឌកម្មពីសហរដ្ឋអាមេរិក ដោយសារតែរឿងបង្កើតសភាធម្មនុញ្ញថ្មី ដើម្បីកែប្រែរដ្ឋធម្មនុញ្ញប្រទេសនេះ ដែលត្រូវបានសម្ព័ន្ធមិត្តអាមេរិកទាំងអស់ចោទថា ជាការដើរទៅរករបបផ្តាច់ការដ៏គ្រោះថ្នាក់៕