(វ៉ាស៊ីនតោន)៖ អតីតភ្នាក់ងារ​ចារកិច្ច CIA របស់​សហរដ្ឋអាមេរិក លោកស្រី វ៉ាឡឺរី ផ្លាម វីលសុន (Valerie Plame Wilson) បានចាប់ផ្តើមយុទ្ធនាការ​រៃអង្គាស​ប្រាក់ ហ្គោហ្វាន់មី (GoFundMe) ក្នុង​គោល​​​បំណងទិញ​យកភាគហ៊ុនគ្រប់គ្រង​លើប្រព័ន្ធបណ្តាញ​ទំនាក់ទំនង​សង្គម Twitter ដើម្បីអាច​បិទមាត់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ លែងឲ្យ​បង្ហោះសារ​តាមតែ​អំពើចិត្តទៀត។ នេះបើតាមកា​រចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសារដើម្បីរៃអង្គាសប្រាក់ ០១ពាន់លានដុល្លារ លោកស្រី Wilson បានលើកឡើងថា «លោក ដូណាល់ ត្រាំ បានធ្វើរឿងអាក្រក់ៗ​ជាច្រើន​នៅលើ Twitter។ រាប់ចាប់ពី​ការលើកតម្កើន ក៏ដូចជាជំរុញលើកទឹកចិត្ត​ក្រុមស្បែក​សជ្រុលនិយម រហូតដល់ការ​លើកកម្ពស់ឲ្យ​មានអំពើហិង្សា​ ប្រឆាំងនឹងអ្នកសារព័ត៌មាន។ សាររបស់​​លោក​បាននិង​កំពុងបំផ្លិចបំផ្លាញសហរដ្ឋអាមេរិក និងធ្វើឲ្យប្រជា​ពលរដ្ឋអាមេរិក​ស្ថិតនៅមាត់ជ្រោះ​គ្រោះថ្នាក់។ ម៉្យាងវិញទៀត ការគំរាមធ្វើសង្រ្គាម​នុយក្លេអ៊ែរ​​​ជាមួយប្រទេស​កូរ៉េខាងជើង កាន់តែធ្វើឲ្យ​ទង្វើរបស់​លោក ត្រាំ នៅលើបណ្តាញ​សង្គមនេះ​គ្រោះថ្នាក់ជាង​មុនទ្វេដង»

អតីតភ្នាក់ងារចារកិច្ច​រូបនេះបានបន្តថា «ការប្រើប្រាស់បណ្តាញ​ទំនាក់ទំនងសង្គមដ៏ធំនេះ ជះផលប៉ះពាល់​ដល់ពិភពជាក់ស្តែង​ខាងក្រៅ ដោយការ​បង្ហោះសារ​លើ Twitter តែមួយប៉ុណ្ណោះ លោក ត្រាំ អាចបំផ្លាញទំនាក់​ទំនងអន្តរជាតិ និងសម្ព័ន្ធភាព​នានា ឬក៏ធ្វើឲ្យទីផ្សារ​ភាគហ៊ុនដាំក្បាល​ចុះ ឬលោតឡើងវិញបាន។ ពិតណាស់​​ក្នុង​នាមជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកអាចធ្វើរឿងទាំងអស់​នេះ​បានដោយពុំចាំ​បាច់ប្រើ Twitter ក៏ប៉ុន្តែវាប្រហែល​ជាធ្វើឲ្យមនុស្សមួយ​ចំនួន មាន​អារម្មណ៍ធូរស្រាលជាងមុន នៅពេលរូបលោក​ធ្វើយ៉ាងដូច្នោះ ដោយមិនបើកចំហពេក ឬប្រកាសស្តែងៗបែបនេះនោះ»

យ៉ាងណាមិញ យុទ្ធនាការរបស់​លោកស្រី Wilson ដូចជាពុំសូវទទួល​បានជោគជ័យ​ប៉ុន្មានឡើយ ដោយក្នុងពេល ០៦ថ្ងៃមកនេះ ទើបរៃអង្គាស​បានប្រាប់ជាង​​បីពាន់​ដុល្លារប៉ុណ្ណោះ។ ដោយឡែក​យុទ្ធនាការ GoFundMes នេះ​នឹងបន្តប្រព្រឹត្តទៅរហូតតាម​តែលោកស្រីចង់ ដូច្នេះហើយប្រសិន​បើអត្រារៃអង្គាស​ប្រាក់​នៅ​តែ​ថេរដូច្នេះ​រហូតនោះ ប្រាក់ ០១ពាន់លានដុល្លារ របស់លោកស្រី នឹងលេចចេញជា​រូបរាងនៅ​ឆ្នាំ៧៤៩៦៕