(សេអ៊ូល)៖ កូរ៉េខាងជើងបានបង្ហោះវីដេអូមួយ អមទៅដោយរូបភាព​ក្រាហ្វិក​ជាច្រើនសន្លឹក​ ដែលបង្ហាញពីផែនការវាយប្រហារ​លើកោះហ្គាំ (​Guam) បន្ទាប់ពីខ្លួន​បានគំរាមវាយប្រហារ​ ដោយគ្មាន​ត្រាប្រណីលើ​សហរដ្ឋអាមេរិក​ សម្រាប់ការ​មិនអើពើនឹង​ការព្រមានរបស់​ទីក្រុងព្យុងយ៉ាង ទាក់ទិកនឹង​ការធ្វើសមយុទ្ធ​យោធា​ប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូងនោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Telegraph អង់គ្លេស នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងវីដេអូនេះ ពិធីករ​និងពិការិនីទូរទស្សន៍រដ្ឋ​កូរ៉េខាងជើង បានរៀបរាប់ពីរូបភាពរបស់ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ កំពុងឈរសម្លឹងមើលផ្នូរខ្មោច​ជាមួយនឹង​ឈើឆ្កាង ជាច្រើន ខណៈរូបភាព​អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃ ភែន, នាយក CIA លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo), រដ្ឋមន្ត្រីការបរទេស លោក រិច ធីល្លឺសុន និងរដ្ឋមន្ត្រី​ការពារជាតិ លោក ជែមស៍ ម៉ាទីស ត្រូវបានភ្លើងឆេះ។

បន្ថែមពីលើនេះ បើតាមអក្សររត់នៅលើវីដេអូ​ទីក្រុងព្យុងយ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះដែរថា «ប្រជាជន​អាមេរិកគួរតែ​រស់នៅបើក​ភ្នែកធំៗ និងត្រចៀកចាំស្ដាប់ ពីព្រោះពួកគេនឹងត្រូវរងទុក្ខមិនថាថ្ងៃ ឬក៏យប់ ដោយសារគ្រាប់​មីស៊ីល Hwasong-12​ ដែលនឹងត្រូវបានចេញ​ដោយគ្មានពេលវេលា​កំណត់ជាក់លាក់»

គួររំលឹកថា កាលពី​ថ្ងៃទី០៨ ខែសីហា កូរ៉េខាងជើងបានព្រមាន​វាយប្រហារលើកោះ​ហ្គាំ នៃតំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ប្រជាជន​អាមេរិកជិត ១៦០,០០០នាក់ រស់នៅ។ ក៏ប៉ុន្តែ​អ្នកជំនាញយល់ថា ការគំរាមដាក់គ្នា​ទៅវិញទៅមក​រវាងទីក្រុង​ព្យុងយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន គ្រាន់តែជា​សង្រ្គាមពាក្យ​សម្ដីគ្មានបានការ​តែប៉ុណ្ណោះ ត្បិតគូ​សត្រូវទាំងពីរ​សុទ្ធតែដឹងថា បើសង្រ្គាម​ផ្ទុះឡើង​ពួកគេនឹងរងរបួសធ្ងន់​ទំាងសងខាង ហើយនេះក៏មិនមែនជា​លើកទីមួយដែលពួកគេ​គំរាមធ្វើសង្រ្គាម​ដាក់គ្នា៕