(បាសេឡូណា)៖ ក្លឹបបាល់ទាត់អាជីព FC Barcelona បានប្រកាសថា នឹងដាក់ពាក្យប្តឹងកីឡាករខ្សែប្រយុទ្ធ Neymar ដែលព្រមព្រៀងផ្លាស់ចេញពីទឹកដីអេស្ប៉ាញ ទៅលេងនៅបារាំងក្នុងក្លឹប Paris Saint- Germain កាលពីដើមខែសីហានេះ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ Barcelona ត្រូវបានដកស្រង់ដោយ BBC នោះបានអោយដឹងថា ក្លឹបនឹងប្តឹងកីឡាករប្រេស៊ីល Neymar ទៅលើប្រាក់ឧបត្ថម្ភ ៧.៨លានផោនក្នុង១ឆ្នាំ (ជិត១០លានដុល្លារ) ជាថ្នូរនឹងការបន្តកិច្ចសន្យា៥ឆ្នាំទៀត ដែលកីឡាករវ័យ២៥ឆ្នាំ Neymar បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ។
កាន់តែធ្ងន់ធ្ងរជាងនេះទៀត Barcelona នឹងប្តឹងទារសំណងទាំងដើម និងការប្រាក់ ១០%ផងដែរ។
សូមរំលឹកផងដែរថា Neymar បានសម្រេចចាកចោលទ្រនំចាស់ FC Barcelona ទៅចុះកិច្ចសន្យា៥ឆ្នាំលេងអោយក្លឹបថ្មី PSG ដែលមានសេដ្ឋីកាតាជាម្ចាស់ក្លឹប បានចាយលុយ ២៦២លានដុល្លារដើម្បីទិញ និងផ្តាច់កិច្ចសន្យាចាស់ដែលនៅសល់១ឆ្នាំក្នុងទឹកដី Camp Nou៕