​(សេអ៊ូល)៖ យន្ដហោះចម្បាំង​អាមេរិកធុន F-35 ច្រើនជាង ១០០គ្រឿង អាចនឹងត្រូវ​បានបញ្ជូន​ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ ដើម្បីជួយគាំទ្រ​ដល់សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និងជប៉ុន ទប់ទល់នឹង ការគំរាមកំហែង​ដោយ​អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

យោងតាម​យ៉ុនហាប់ យន្ដហោះ​ចម្បាំង F-15 ទាំងនេះ នឹងត្រូវនាំមកពីកងអង្គភាពទ័ព​អាកាសទី ៣៤ គួរតែអាចនឹង​ត្រូវដាក់ពង្រាយនៅឯទីក្រុង អ៊ីវ៉ាគូនី (Iwakuni) ប្រទេសជប៉ុន និងមូលដ្ឋានទ័ព​អាកាស អូសាន (Osan) ស្ថិតនៅក្នុងទីក្រុង ព្យុងតែក (Pyeongtaek) ប្រទេស​កូរ៉េខាងត្បូង យ៉ាងយូរ​នៅចុង​ឆ្នាំ២០១៧នេះ។ ជាងនេះទៅទៀត កងកម្លាំងនៃយន្ដ​ហោះ​ចម្បាំង F-15 ដែលកំពុង​ធ្វើប្រតិបត្តិការ​នៅក្បែរ ដែនអាកាស​កូរ៉េខាងត្បូង និងជប៉ុន ក៏ត្រូវគេរំពឹងថា​នឹងត្រូវធ្វើការពង្រឹងបន្ថែម ក្រោមក្របខណ្ឌ​នៃកិច្ចព្រមព្រៀង​ទិញយន្ដហោះ​ចម្បាំង​ប្រភេទនេះ ៤០គ្រឿង ដោយទីក្រុង​សេអ៊ូល ហើយដែល​អាចនឹងត្រូវ​ប្រគល់ឱ្យ​នៅ​ឆ្នាំ២០២១ ខណៈជប៉ុន​ក៏បានឈានដល់​កិច្ចព្រមព្រៀង​ទិញ F-15 ចំនួន ៤២​គ្រឿង ពីក្រុមហ៊ុន​អាមេរិក Lockheed Martin ផងដែរ។

គួរបញ្ជាក់ថា នារយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ កូរ៉េខាងត្បូង និងជប៉ុន​បានខិតខំពង្រឹង​វិស័យការពារជាតិរបស់ខ្លួន​យ៉ាងខ្លាំង ស្របពេលកម្ម​វិធីមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង កាន់តែរីកចំរើន​ទៅមុខរហូតដល់​អ្នកជំនាញខ្លះ​វាយតម្លៃថា មីស៊ីលឆ្លងទ្វីប ICBM ដែលទីក្រុង​ព្យុងយ៉ាង បានបាញ់​សាកល្បងកាលពី​ខែកក្កដា មានសមត្ថភាព​បាញ់ដល់​ដែនដីគោក របស់​សហរដ្ឋអាមេរិក។ ដូច្នេះចង់ ឬមិនចង់ តូក្យូ និងសេអ៊ូល បានដឹងខ្លួន​ថា មិនអាចពឹងផ្អែក​ទាំងស្រុងលើ​សហរដ្ឋអាមេរិក​ទៀតនោះទេ ត្បិតបើសិន​ជាសង្រ្គាមផ្ទុះ​ឡើងមែន នោះ សហរដ្ឋ​អាមេរិក​ត្រូវការពារខ្លួនឯងជាមុនសិនពី​មីស៊ីល​កូរ៉េខាងជើង ហើយទើបគិតពី​កូរ៉េខាងត្បូង និងជប៉ុន ដែលនៅជិត​កូរ៉េខាងជើង​ស្រាប់៕ ​