(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក មានបំណងនឹងដកឧត្តមនាវីទោ លោក ចូសិប អូខញ (Joseph Aucoin) ចេញពីតំណែងជាមេបញ្ជាការនៃកងអង្គភាព US 7th Fleet មានមូលដ្ឋាននៅក្នុងទីក្រុង យ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុន បន្ទាប់ពីដើមសប្តាហ៍នេះនាវាពិឃាតមួយគ្រឿងរបស់អាមេរិក បានបុកគ្នាជាមួយនាវាដឹកប្រេងលីបេរីយ៉ាមួយគ្រឿងផ្សេងទៀត នៅតាមផ្លូវធ្វើដំណើរទៅទស្សនកិច្ចនៅសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
មុខតំណែងរបស់ លោក Aucoin បានស្ថិតក្រោមការរិះគន់ចាប់តាំងតែពីមានរឿងហេតុគ្រោះថ្នាក់ជាបន្តបន្ទាប់ បានកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកមកម្ល៉េះ ដោយរួមបញ្ចូលទាំងករណីបុកគ្នារវាងនាវាពិឃាត USS Fitzgerald និងនាវាដឹកកុងតឺន័រមួយគ្រឿងរបស់ប្រទេសហ្វីលីពីន នៅក្បែរឧបទ្វីប អ៊ីហ្ស៊ូ (Izu) នៃប្រទេសជប៉ុនផងដែរ កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ដែលបានបណ្តាលនាវិក ០៧នាក់ បាត់បង់ជីវិត និងរឿងក្តីនេះកំពុងត្រូវបានដោះស្រាយ ដោយអាជ្ញាធរជប៉ុននៅឡើយ។
គួរបញ្ជាក់ថា ករណីបុកគ្នារបស់នាវាពិឃាត USS John S. McCain នៅភាគខាងកើតច្រកសមុទ្រ ម៉ាឡាក់កា (Malacca) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើឲ្យនាវិកមួយចំនួនទទួលរងរបួសយ៉ាងដំណំ និងប្រមាណ ១០នាក់ កំពុងតែបន្តបាត់ខ្លួននៅឡើយ ស្របពេលដែលយោធាអាមេរិកបានអះអាងទៀតថា សាកសពមួយចំនួនត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រ។ ករណីប៉ះទង្គិចនាវាធំៗក្នុងសមុទ្របែបនេះ គឺកម្រនឹងកើតមានខ្លាំងណាស់ ជាពិសេសគឺករណីនាវាពិឃាតអាមេរិក ត្រូវបានដឹកទំនិញបុកបែបនេះ៕