(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀត នឹងត្រូវចាប់ផ្តើមបញ្ជូនទៅដល់ប្រទេសអាហ្វហ្គានីស្ថាន នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រធានាធីបតី លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការយុទ្ធសាស្រ្តថ្មីសម្រាប់អាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានអាមេរិក NBC News លោកឧត្តមសេនីយ៍ ចូសិប វ៉ូទែស (Joseph Votel) មេបញ្ជាការមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក CENTCOM បានថ្លែងថា កងទ័ពថ្មីរបស់អាមេរិក នឹងធ្វើដំណើរទៅដល់អាហ្វហ្គានីស្ថាន នាពេលឆាប់ៗខាងមុខនេះ ដោយវាអាចចំណាយពេលពីប៉ុន្មានថ្ងៃ ទៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោក Votel បានបន្តថា «អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនោះ គឺការបង្កើនសមត្ថភាពខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនារដូវកាលនេះ»។
គួរបញ្ជាក់ថា យ៉ាងណាមិញចំនួនជាក់លាក់ស្តីពីកងទ័ពអាមេរិក ដែលនឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាននោះ ពុំទាន់ត្រូវបានដឹងនោះឡើយ៕