(CNN)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបង្ហាញដោយសង្ខេបអំពីគម្រោងរយៈពេល១៦ឆ្នាំ នៃសង្គ្រាមអាមេរិកលើដែនដីអាហ្វហ្គានីស្ថាន កាលពីរសៀលថ្ងៃចន្ទកន្លងទៅនេះ ដោយបានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងស្វែងរកជោគជ័យជូនអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ។
ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា លោកនឹងមិនប្រកាសពីចំនួននៃវត្តមានទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែនឹងផ្តោតការយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា ឱ្យកងទ័ពអាមេរិកអាចបោសសម្អាតតាលីបង់ និងក្រុមភេរវករផ្សេងៗទៀត មិនថា ពួកគេនៅទីតាំងណាក្នុងប្រទេស អាហ្វហ្គានីស្ថានក៏ដោយក្តី។
ខាងក្រោមនេះ ជាចំណុចសំខាន់ទាំងប្រាំនៃគម្រោងថ្មីរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន៖
១៖ បង្កើនចំនួនទ័ព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នឹងផ្តល់សិទ្ធដល់មន្ទីរបញ្ចកោណក្នុងការបង្កើនចំនួនយោធាក្នុងប្រទេស អាហ្វហ្គានីស្ថានទៅដល់បីបួនពាន់នាក់បន្ថែម ប៉ុន្តែប្រធានាធិបតីរូបនេះ ប្រកាសថា សហរដ្ឋអាមេរិកនឹងមិនបញ្ជាក់ច្បាស់លាស់ពីចំនួនទ័ពពិតប្រាកដនោះទេ។ «យើងនឹងមិនលើកឡើងពីចំនួនយោធា ឬគម្រោងរបស់យើងពាក់ព័ន្ធនឹងសកម្មភាពយោធានោះទេ»។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។
សូមជម្រាបថា បច្ចុប្បន្ន វត្ថមានយោធាអាមេរិកក្នុងប្រទេស អាហ្វហ្គានីស្ថាន មានចំនួន៨,៤០០នាក់ ហើយឧត្តមសេនីយ៍យោធាអាមេរិកបានបញ្ជាក់ថា ការបន្ថែមវត្ថមានយោធាបីទៅបួនពាន់នាក់បន្ថែម អាចជួយសហរដ្ឋអាមេរិកក្នុងការបង្ក្រាបក្រុមតាលីបង់បានយ៉ាងងាយ។ ការបន្ថែមចំនួនទ័ពនេះនឹង បម្រើដល់តួនាទីពីរយ៉ាងគឺ៖ ទល់ទល់នឹងភេរវករ ព្រមទាំងជួយហ្វឹកហាត់យោធាអាហ្វហ្គានីស្ថាន។
សន្និសិទទាំងពីរដងរបស់លោក ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅនេះ សុទ្ធតែលើកឡើងអំពីការស្វែងរកជំរុំលាក់ខ្លួនរបស់ភេរវករ មិនថាពួកគេនៅទីតាំងណាក៏ដោយ ព្រមទាំងបញ្ជាក់ថា សហរដ្ឋអាមេរិក ប្តេជ្ញាក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយលោកបានគូសបញ្ជាក់ថា ការគាំទ្ររបស់សហរដ្ឋអាមេរិក មិនមែនបានតែសំដីនោះទេ។
២៖ ផ្តល់ស្វ័យភាពដល់យោធាច្រើនជាមុន៖
កំណែទម្រង់ដ៏សំខាន់បំផុតរបស់លោក ត្រាំ ពាក់ព័ន្ធនឹងវិស័យយោធា កាលពីថ្ងៃចន្ទកន្លងទៅនេះគឺផ្តល់សិទ្ធអំណាចដល់យោធាអាមេរិកច្រើនជាងមុន ដើម្បីវាយបង្ក្រាបក្រុមតាលីបង់ និងក្រុមភេរវករផ្សេងទៀតនៅអាហ្វហ្គានីស្ថាន។ «រដ្ឋាភិបាលរបស់លោក អូបាម៉ា បានដាក់ការរឹតបន្តឹងទៅលើប្រតិបត្តិការ បង្ក្រាបក្រុមភេរវករ បន្ទាប់ពីកងទ័ពប្រទេសអាហ្វហ្គានីស្ថាន បាននាំមុខក្នុងការវាយប្រហារទៅលើក្រុមតាលីបង់។ ការរឹតបន្តឹងបែបនេះ ជាញឹកញាប់ប្រៀបបាននឹងការបញ្ជូនមេបញ្ជាការយោធាសំខាន់ៗឱ្យស្លាប់ក្នុងសមរភូមិដូច្នោះដែរ»។
«ការគ្រប់គ្រងយ៉ាងល្អិតល្អន់ខ្លាំងហួសហេតុពីសំណាក់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន មិនអាចឱ្យយោធាឈ្នះសង្គ្រាមបានឡើយ» នេះជាការលើកឡើង របស់ប្រធានាធិបតីអាមេរិក។
លោកបន្តថា លោកនឹងផ្តល់ឱ្យមេបញ្ជាការយោធានូវសិទ្ធអំណាចក្នុងការបញ្ចេញស្នាដៃតាមពេលវេលាដ៏សមស្រប និងបន្ថែមអំណាចសម្រាប់កងកម្លាំងប្រដាប់ អាវុធអាមេរិក ដើម្បីដៅគោលដៅឱ្យចំទៅលើក្រុមភេរវករ និងបណ្តាញឧក្រិដ្ឋជនក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រធានាធិបតីរូបនេះគូសបញ្ជាក់ថា «ពេជឃាតអាមេរិកត្រូវតែដឹងឱ្យបានថា ពួកភេរវករគ្មានកន្លែងសម្រាប់លាក់ខ្លួនតទៅទៀតនោះទេ ហើយគ្មានកន្លែងណាមួយ ដែលកងកម្លាំងប្រដាប់អាវុធអាមេរិក មិនអាចរកឃើញបាននោះទេ»។ «ការចូលរួមចំណែកថ្មីនេះនឹងជម្រុញល្បឿនប្រតិបត្តិការឱ្យកាន់តែលឿន និងមានអំណាចកាន់តែខ្លាំងក្លា»។
៣៖ អូសទាញគូសត្រូវចូលតុចរចា ដើម្បីដោះស្រាយវិបត្តិនយោបាយ៖
គោលដៅសំខាន់ក្នុងគម្រោងរបស់លោក ត្រាំក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺនាំក្រុមតាលីបង់មកតុចរចាដើម្បីស្វែងរកដំណោះស្រាយ នយោបាយឆ្លើយតបនឹងសង្គ្រាមដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
គោលដៅនេះដូចគ្នានឹងគោលដៅរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាផងដែរ។ ប៉ុន្តែលោក ត្រាំ បានបញ្ជាក់ថា ក្នុងគម្រោងរបស់លោក មានកូនសោសំខាន់មួយ ដែលខុសពីមេដឹកនាំមុនៗនោះគឺ គ្មានការកំណត់ពេលវេលាផុតកំណត់ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពក្នុងប្រទេស អាហ្វហ្គានីស្ថាននោះទេ។
«ខ្ញុំបានបញ្ជាក់ពីបញ្ហានេះជាច្រើនលើកច្រើនសារមកហើយថា វាមិនបានផ្តល់ចំណេញអ្វីសម្រាប់អាមេរិកនោះទេ ក្នុងការប្រកាសពីការចាប់ផ្តើម ឬការបញ្ចប់ប្រតិបត្តិការយោធាក្នុងប្រទេស អាហ្វហ្គានីស្ថាននោះ»។ លោកបានរិះគន់ថា បក្សសាធាណរដ្ឋដែលជាទូទៅតែងតែលើកតម្កើនរដ្ឋាភិបាលរបស់លោក អូបាម៉ា រាល់ពេលដែលអតីតប្រធានាធិបតីរូបនេះ ប្រកាសបានដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបន្សល់ទុកទ័ពប្រមាណ៨,៤០០នាក់។
ប្រធានាធិបតីរូបនេះបង្ហាញក្តីសង្ឃឹមថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់យោធាអាមេរិកនៅថ្ងៃណាមួយ ប្រហែលជាអាចក្នុងការស្វែងរកដំណោះស្រាយវិបត្តិនយោបាយ ដោយក្នុងនោះមានការចូលរួមពីសំណាកក្រុមតាលីបង់ផងដែរ។ ប៉ុន្តែគ្មានអ្នកណាអាចដឹងបានទេ តើវានឹងកើតឡើងពេលណានោះទេ។
៤៖ ផ្លាស់ប្តូរឥរិយាបទប៉ាគីស្ថាន ដើម្បីជួយដល់អាហ្វហ្គានីស្ថាន៖
ប្រទេស ប៉ាគីស្ថានកន្លងមកបានផ្តល់ទីតាំងដ៏មានសុវត្ថិភាពសម្រាប់បណ្តាញ Haqqani ដែលជាញឹកញាប់បានក្លាយជាបន្លាសម្រាប់យោធាអាមេរិក។ លោកត្រាំ បានគំរាមថានឹងកាត់ផ្តាច់ជំនួយពីប្រទេស ប៉ាគីស្ថានដើម្បីឱ្យអូសទាញប្រទេសនេះ ឱ្យជួយវាយប្រហារក្រុមភេរវករក្នុង។
«យើងបានចំណាយប្រាក់រាប់ពាន់លានដុល្លារដុល្លារសម្រាប់ប្រទេស ប៉ាគីស្ថាន ស្របពេលដែលប្រទេសនេះ បែរជាផ្តល់ជម្រកដ៏កក់ក្តៅដល់ ក្រុមភេរវករដែលយើងកំពុងវាយប្រហារទៅវិញ» នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដោយលោកបានបន្តថា« ប៉ុន្តែអ្វីៗនឹងផ្លាស់ប្តូរ ហើយវានឹងផ្លាស់ប្តូរភ្លាមៗតែម្តង»។
៥៖ ជួយឱ្យអាហ្វហ្គានីស្ថានជោគជ័យ ប៉ុន្តែមិនជួយស្ថាបនាប្រទេសនេះឡើងវិញនោះទេ
រាល់ពេលលោក អូបាម៉ាលើកឡើងអំពីសង្គ្រាមក្នុងប្រទេស អាហ្វហ្គានីស្ថាន លោកបានផ្តោតទៅលើការបញ្ជូនយោធាត្រឡប់ទៅប្រទេសកំណើតវិញ។ ប៉ុន្តែលោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ទទួលបានជ័យជម្នះនៅទីនេះយ៉ាងពិតប្រាកដ។
«ទ័ពរបស់យើងនឹងធ្វើការវាយប្រហារដើម្បីទទួលបានជោគជ័យ។ យើងនឹងវាយប្រហាររហូតទាល់តែបានជោគជ័យ» នេះជាការលើកឡើងរបស់លោកត្រាំ។ «ចាប់ពីពេលនេះតទៅ ជោគជ័យនឹងមានការកំណត់គោលដៅយ៉ាងច្បាស់លាស់ ដោយការវាយប្រហារគូសត្រូវ លុបបំបាត់ដានរបស់ពួកISIS វាយបំបែកក្រុមអាល់កៃដា បង្កាក្រុមតាលីបង់មិនឱ្យដណើ្តមប្រទេស អាហ្វហ្គានីស្ថាន និងបញ្ឈប់ការវាយប្រហារទ្រង់ទ្រាយធំមកលើសហរដ្ឋអាមេរិក»។
លោកបានគូសបញ្ជាក់ថា«យើងចង់ឱ្យប្រទេសទាំងនោះជោគជ័យ ប៉ុន្តែយើងនឹងមិនប្រើប្រាស់យោធាអាមេរិកដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ ឬព្យាយាមស្ថាបនាប្រទេសទាំងនោះឡើងវិញតទៅទៀតនោះទេ កិច្ចការទាំងនោះវាហួសសម័យទៅហើយសម្រាប់ពេលបច្ចុប្បន្ន»។
ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា«សហរដ្ឋអាមេរិក មិនមានតួនាទីជាប្រទេសដែលត្រូវស្ថាបនាប្រទេសដទៃតទៅទៀតនោះទេ»។ ចុងបញ្ចប់លោកបានបញ្ជាក់ថា «កិច្ចការសំខាន់ក្នុងពេលបច្ចុប្បន្នរបស់យើង គឺបោសសម្អាតក្រុមភេរវករ»៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា