(សេអ៊ូល)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុមហ៊ុនចិន និងរុស្ស៊ីចំនួន១០ ព្រមទំាងបុគ្គល០៦នាក់ ដែលសង្ស័យថាបានចូលរួមចំណែកអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ការដាក់ទណ្ឌកម្មនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោន អះអាងថាធ្វើឡើងនៅក្រោមក្របខណ្ឌនៃការអនុវត្តន៍ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើងសម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោងទាំងពីរលើកកាលពីខែកក្កដា កន្លងទៅ។ ដោយឡែកជុំវិញទណ្ឌកម្មថ្មីនេះដែរ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន មូឈីន (Steven T. Mnuchin) បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រសួងរតនាគារជាតិអាមេរិក នឹងបន្តបង្កើនការដាក់សម្ពាធលើកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្មលើរាល់ អ្នកទាំងឡាយណាដែលគាំទ្រកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង»។
លោក ស្ទេវិន មូឈីន បានបន្ថែមទៀថា វាគឺជារឿងមិនអាចទទួលយកបាន ដែលបុគ្គលនិងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន និងរុស្ស៊ី បានជួយដល់កូរ៉េខាងជើង រកប្រាក់ចំណូល ដើម្បីយកមកអភិវឌ្ឍអាវុធនុយក្លេអ៊ែរបង្កជាអស្ថេរភាពនៅក្នុងតំបន់៕