(បាស់សេឡូណា)៖ ជនសង្ស័យម្នាក់ក្នុងចំណោម០៤នាក់ ដែលនៅរស់រាន្តមានជីវិតពីការវាយប្រហារភេរវកម្មក្នុងទីក្រុងបាស់សេឡូណា ប្រទេសអេស្ប៉ាញ ឈ្មោះ មហំាម៉ាត់ ហូលីឆែមម៉ា (Mohamed Houli Chemla) បានសារភាពនៅថ្ងៃអង្គារនេះ ចំពោះមុខចៅក្រមថាការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំកាលពីសប្ដាហ៍មុន ត្រូវបានគេរៀបចំផែនការទុកជាមុន។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ចៅក្រមនៃតុលាការទីក្រុងម៉ាឌ្រីត បានសម្រេចចិត្តឃុំខ្លួនជនឈ្មោះ ហូលីឆែមម៉ា បន្ទាប់ពីជនរូបនេះសារភាពថា ខ្លួនបានចូលរួមក្នុងការរៀបចំផែនការវាយប្រហារភេរវកម្ម ចំនួនពីរលើកនៅទីក្រុងបាស់សេឡូណា និងទីក្រុង Cambrils កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រសប្ដាហ៍មុន​ ដោយបានបណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់ និង១២០នាក់ រងរបួស។

គួរបញ្ជាក់ថា ជនសង្ស័យទំាងបួននាក់ខាងលើ ត្រូវបានគេបញ្ជូនរក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងរ៉ឹងមំា ពីទីក្រុងបាស់សេឡូណា មកកាន់ទីក្រុងម៉ាឌ្រីត ហើយគេរំពឹងថាតុលាការអាចនឹង ចោទប្រកាន់អ្នកទំាងនេះពីបទប្រព្រឹត្តអំពើភេវកម្ម មនុស្សឃាត និងកាន់កាប់អាវុធខុសច្បាប់៕