(ស្វីស)៖ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការព្រមានប្រើប្រាស់កម្លាំងយោធា ខណៈបេសកជនពិសេសទីក្រុងព្យុងយ៉ាងបានអះអាង ជាថ្មីថាខ្លូនគ្មានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែចិញ្ចឹមចិត្តផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសិទស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បេសកជនទូតអាមេរិក លោក រ៉ូបឺត វ៉ូត (Robert Wood) បានប្រាប់អង្គការសហប្រជាជាតិថា កិច្ចសន្ទនា នៅតែបើកទ្វារចំហរសម្រាប់ទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែសហរដ្ឋអាមេរិក នឹងប្រើប្រាស់គ្រប់លទ្ធភាពដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឈមមុខនឹងការគំរាមកំហែងពី សំណាក់កូរ៉េខាងជើង។ លោក វ៉ូត បានលើកឡើងដូច្នេះថា៖«កម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបង្កការគំរាមយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទំាងមូល ...ជាឧទាហរណ៍ ការធ្វើតេស្ដមីស៊ីល ICBM នាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ពីអាកប្បកិរិយាបង្កគ្រោះថ្នាក់ និងអសន្តិសុខនៅក្នុងតំបន់...ដូច្នេះអទិភាពនៃប្រធានាធិបតី (លោក ដូណាល់ ត្រាំ) របស់ខ្ញុំ គឺការពារទឹកដីអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តពីការឈ្លានពានរបស់កូរ៉េខាងជើង»។ យ៉ាងណាក៏ដោយ ជាការឆ្លើយតប បេសកជនពិសេសកូរ៉េខាងជើង លោក ជូ យ៉ងឆុល (Ju Yong Chol) បានបញ្ជាក់ថា រាល់វិធានការនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលគឺជាជម្រើសយុត្តិធម៌ និងស្របច្បាប់ ព្រោះវាគ្រាន់ តែជាវិធានការពារខ្លួនសុទ្ធសាធ ហើយម្យ៉ាងវិញទៀត ដរាបណាសហរដ្ឋអាមេរិក នៅតែប្រកាន់ជំហរប្រឆាំងនឹងកូរ៉េខាងជើង នោះទីក្រុងព្យុងយ៉ាង រឹតតែត្រូវបង្កើនការអភិវឌ្ឍអាវុធ នុយក្លេអ៊ែរទុក ការពារខ្លួនឯង។
គួរបញ្ជាក់ថា ប្រតិភូតំណាងមកពីប្រទេសចំនួន២០ ដែលបានចូលរួមក្នុងសន្និសិទស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ មានដូចជាបារាំង អង់គ្លេស អូស្រ្ដាលី និងកូរ៉េខាងត្បូង សុទ្ធតែបាន រិះគន់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕