(ស៊ីរី)៖ ជនស៊ីវិលយ៉ាងហោចណាស់១០០នាក់ ត្រូវបានសម្លាប់គិតត្រឹមរយៈពេល៤៨ម៉ោង ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុងរ៉ាក់កា (Raqqa) ដែលជារដ្ឋធានីរបស់ពួក ISIS នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
សារព័ត៌មាន Al Jazeera ផ្អែកលើប្រភពពីប្រជាជនរស់នៅក្នុងតំបន់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ជនស៊ីវិលច្រើនជាង១០០នាក់ បានស្លាប់នៅក្នុងវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយ សហរដ្ឋអាមេរិក គិតចាប់តាំងពីថ្ងៃអាទិត្យមក ដោយក្នុងនោះជនស៊ីវិល៥៥នាក់ ត្រូវបានសម្លាប់នៅភាគខាងកើតនៃតំបន់ Bedou និង al-Sukhani កាលពីថ្ងៃចន្ទ។ ជាងនេះទៅទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ក៏បានអះអាងដែរថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ បានកើនដល់៦៩នាក់ ក្នុងនោះរួមមានទាំងកុមារ១៩នាក់ និងស្ត្រី ១២នាក់។
គួរបញ្ជាក់ថា ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលបាននិងកំពុងដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងពួក ISIS នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ធ្លាប់បានទទួល ស្គាល់នៅក្នុងខែសីហានេះថា ជនស៊ីវិល៦២៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន នៅក្នុងប្រទេសទំាងពីរនេះ គិតចាប់តាំងពីឆ្នាំ២០១៤មក។ ចំណែកឯ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនស៊ីវិល ២៥,០០០នាក់ កំពុងជាប់គាំងនៅក្នុងទីក្រុងរ៉ាក់កា៕