(ញូដេលី)៖ មនុស្សច្រើនជាង៧០០នាក់ ត្រូវបានគេជឿជាក់ថាបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីដ៏ប្រល័យ ដែលបានវាយប្រហារមកលើប្រទេសបង់ក្លាដែស ឥណ្ឌា និងនេប៉ាល់ នៅក្នុងខែសីហានេះ។ នេះបើតាមក្រុមមន្ត្រីមនុស្សធម៌ ដកស្រង់ដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។

ក្រុមមន្ត្រីមនុស្សធម៌បានឱ្យដឹងទៀតថា គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ គឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយវាបង្កផលប៉ះពាល់ដល់ ប្រជាជននៅក្នុងតំបន់អាស៊ីខាងត្បូងជាង ២៤លាននាក់។ ម្យ៉ាងវិញទៀត បើតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បង់ក្លាដែស មនុស្ស១១៨នាក់ បានស្លាប់ រីឯផ្ទះសម្បែង ៤៥,០០០ខ្នងរងការបំផ្លិចផ្លាញ ខណៈនៅឯប្រទេសក្បែរខាងគឺឥណ្ឌា មានមនុស្សជិត៤០០នាក់ បានបាត់បង់ជីវិតនៅក្នុងរដ្ឋចំនួន០៣ ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារ ទឹកជំនន់ ព្រមទំាងគ្រោះរអិលបាក់ដីដូចជា រដ្ឋ Assam, Bihar និងរដ្ឋ Uttar Pradesh។

ដោយឡែក នៅប្រទេសនេប៉ាល់ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបានផ្ដាច់យកអាយុជីវិតមនុស្ស១៤៣នាក់ ស្របពេលមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួនគិតចាប់តាំងពីថ្ងៃទី១១ ខែសីហាមក ហើយមិនតែប៉ុណ្ណោះផ្ទះជិត៨០,០០០ខ្នងក៏ត្រូវបានបំផ្លាញផងដែរ៕