(ញូដេលី)៖ រដ្ឋាភិបាលទីក្រុងញូដេលី បានចេញមុខទទួលស្វាគមន៍ ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការយុទ្ធសាស្រ្តថ្មី ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានប្រកាសអំពីយុទ្ធសាស្រ្តថ្មីសម្រាប់អាហ្វហ្គានីស្ថាន ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា «យើងស្វាគមន៍យ៉ាងពេញទំហឹង ចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ត្រាំ ក្នុងការពង្រឹងកិច្ចប្រឹងប្រែងនានា ដើម្បីយកជ័យជម្នះលើឧបសគ្គទាំងឡាយ ដែលកំពុងតែញាំញីអាហ្វហ្គានីស្ថាន និងប្រឈមមុខជាមួយបញ្ហាស្តីពីជម្រកជ្រកកោន រួមទាំងការឧបត្ថម្ភក្នុងទម្រង់ដទៃៗទៀត ដែលពួកក្រុមភេរវករកំពុងតែសប្បាយរីករាយក្នុងការទទួលយក។ ឥណ្ឌាក៏ចែករំលែកពីក្តីបារម្ភ និងគោលដៅទាំងនេះផងដែរ»។ លើសពីនេះឥណ្ឌា ក៏បានធានាអះអាងពីការប្តេជ្ញារបស់ខ្លួន ក្នុងជួយជ្រោមជ្រែង កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលសំដៅលើការថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
លោក ដូណាល់ ត្រាំ បាននិយាយថា លោកពេញចិត្តពេញចំពោះការចូលរួមចំណែកសព្វថ្ងៃ ពីប្រទេសឥណ្ឌា ទៅក្នុងការរក្សាក៏ដូចជាស្តារស្ថិរភាពរបស់អាហ្វហ្គានីស្ថាន ក៏ប៉ុន្តែបានលើកឡើងថា រូបលោករំពឹងថា ទីក្រុងញូដេលី នឹងខិតខំប្រឹងប្រែងជួយបន្ថែមទៀត។ ជាមួយគ្នានេះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) ក៏បានថ្លែងដែរថា ប្រទេសឥណ្ឌា នឹងជាដៃគូដ៏សំខាន់មួយ សម្រាប់សហរដ្ឋអាមេរិក ដែលអាចជួយអភិវឌ្ឍន៍អាហ្វហ្គានីស្ថាន ទាំងក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបាននិងកំពុងតែទទួលរងបញ្ហាអស្ថិរភាពនយោបាយ, សង្គម, និងសន្តិសុខ ដោយសារតែសកម្មភាពរបស់ក្រុមឧទ្ទាមតាលីបង់ និងក្រុមភេរវករ ISIS ហើយបច្ចុប្បន្នកងកម្លាំងការពារជាតិ និងសន្តិសុខអាហ្វហ្គានីស្ថាន គាំទ្រដោយកងកម្លាំងចម្រុះដែលមានអាមេរិកជាមេនាំមុខនោះ កំពុងតែបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីវាយកម្ចាត់អំពើភេរវកម្មនៅទូទាំងប្រទេស៕