(ប៉េកាំង)៖ គ្រាប់បែកជប៉ុនចំនួនបីគ្រាប់ ត្រូវបានគេរកឃើញនៅក្នុងខេត្ត ហៃឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ពីដំបូងគ្រាប់បែកមួយគ្រាប់ ត្រូវបានប្រទះឃើញដោយបុរសម្នាក់ ដែលកំពុងដើរស្វែងរកថ្នាំរុក្ខជាតិ នៅក្នុងព្រៃនៃស្រុក ស៊ុនវូ (Sunwu) របស់ខេត្តខាងលើ ខណៈប៉ូលិសបាននិយាយថា គ្រាប់នេះមិនទាន់ស្អុយឡើយដោយវាអាចនឹងផ្ទុះឡើងគ្រប់ពេលបាន។ ក្រោយមកអាជ្ញាធរក៏បានធ្វើការតាមរុករកមើលក្នុងតំបន់នោះ រួចក៏បានឃើញគ្រាប់បែក ចំនួនពីរគ្រាប់ថែមទៀត។
ចំពោះគ្រាប់បែកទាំងបីគ្រាប់ខាងលើនេះត្រូវគេជឿជាក់ថា បានបន្សល់ទុកចោលនៅទីតាំងនោះ ដែលធ្លាប់ជាមូលដ្ឋានមួយរបស់កងទ័ពជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទី០២។ យ៉ាងណាមិញ គ្រឿងផ្ទុះចំនួនបីគ្រាប់នេះ ត្រូវបានគេនាំយកទៅកាន់កន្លែងសុវត្ថិភាព ហើយកម្ទេចចោលរួចរាល់ហើយ។
គួរបញ្ជាក់ថា ក្នុងសម័យសង្រ្គាមលោកលើកទី ២ កងទ័ពជប៉ុនបានកសាងមូលដ្ឋានយោធាច្រើនជាង ១,២៥០កន្លែង នៅតាមបណ្តោយព្រំដែននៃប្រទេសចិននិងអតីតសហភាពសូវៀត ហើយពលទាហានជប៉ុនជិត ១០០,០០០នាក់ ត្រូវបានដាក់ឲ្យឈរជើងនៅក្នុងស្រុក Sunwu ជាទីដែលពួកគេ បានបោះបង់ចោលអាវុធ និងគ្រាប់ជាច្រើនសន្ធឹកសន្ធាប់៕