(វ៉ាស៊ីនតោន)៖ ក្រុមឧទ្ទាមតាលីបង់នៅថ្ងៃអង្គារនេះ បានព្រមានសហរដ្ឋអាមេរិកថា ពួកគេនឹងយកប្រទេសអាហ្វហ្គានីស្ថាន ធ្វើជាផ្នូរបញ្ចុះសពកងទ័ពអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកកងទ័ពរបស់ខ្លួនចេញទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ការព្រមានបែបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសុន្ទរកថានៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបើកផ្លូវឱ្យមន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ពបន្ថែមនៅអាហ្វហ្គានីស្ថាន ដោយសំអាងចង់ជៀសវាងកំហុសដូចនៅអ៊ីរ៉ាក់ ហើយថាបើអាមេរិកដកទ័ព នោះពួកភេរវករនឹងកាន់តែបានចិត្ត។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ូឡាហ៍ មូចាហ៊ីដ (Zabiullah Mujahid) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិកមិនព្រមដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន នោះយើងនឹងធ្វើឱ្យប្រទេសមួយនេះក្លាយជាផ្នូរបញ្ចុះសពកងទ័ព អាមេរិក ហើយសហរដ្ឋអាមេរិក គួរតែពិចារណាឡើងវិញលើយុទ្ធសាស្ត្រដកកងទ័ព ជាជាងបន្តធ្វើសង្រ្គាម... បើពុំដូច្នោះទេ យើងនឹងតស៊ូប្រយុទ្ធ បើទោះជានៅសល់កងទ័ពអាមេរិកតែម្នាក់
គត់ នៅលើទឹកដីរបស់ពួកយើងក៏ដោយ»។
ជាងនេះទៅទៀត ក្រុមឧទាមតាលីបង់ក៏បានចេញមុខទទួលខុសត្រូវផងដែរថា ខ្លួនគឺជាអ្នកបាញ់គ្រាប់រ៉ុក្កែត សំដៅទៅកាន់ស្ថានទូតអាមេរិក ប្រចាំរដ្ឋធានីកាប៊ូលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ លោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាស្ដីពីយុទ្ធសាស្ត្រអាមេរិក នៅអាហ្វហ្គានីស្ថាន។ គ្រាប់រ៉ុកក្កែតនេះបានធ្លាក់នៅក្បែរសង្កាត់សម្បូរទៅដោយស្ថានទូតបរទេស ប៉ុន្តែមិនបានបណ្ដាលឱ្យមនុស្សណាម្នាក់របួសនោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា ពីចំនួនកងទ័ពអាមេរិកត្រូវដាក់ពង្រាយបន្ថែមឡើយ តែមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះបានបើកភ្លើងខៀវឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងទ័ពអាមេរិកបន្ថែម រហូតដល់ទៅ ៣,៩០០នាក់ ទៅកាន់អាហ្វហ្គានីស្ថាន៕