(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកសាងលិទ្ធិប្រជាធិបតេយ្យ នៅតាមបណ្ដាប្រទេសដទៃនៅលើពិភពលោកទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik ដ៏ល្បីរបស់រុស្ស៊ី និងសារព័ត៌មាន CBS សហរដ្ឋអាមេរិក នៅរសៀលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧។
ទោះបីជាមានការអះអាងដូចខាងលើនេះក្តី គេមិនទាន់អាចជឿទុកចិត្តទាំងស្រុងបានឡើយ ពីព្រោះប្រធានាធិបតីអាមេរិករូបនេះ គឺជាមនុស្សដែលគេពិបាកស្ទង់ចិត្ត ឬជាមនុស្សនិយាយបាតដៃខ្នងដៃ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន លោក ត្រាំ ផ្ទាល់ទើបតែគំរាមប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើង រួមទាំងវេណេស៊ុយអេឡា ដើម្បីការពារផលប្រយោជន៍អាមេរិក «American First»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯរដ្ឋ វើជីនៀ (Virginia) ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រអាមេរិក នៅតំបន់អាស៊ីខាងត្បូង លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «យើងនឹងមិនប្រើប្រាស់កម្លាំងយោធា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ ឬក៏ព្យាយាមកសាងប្រទេសដទៃឡើងវិញ នៅក្នុងរូបភាពផ្ទាល់ខ្លួនរបស់យើងទៀតនោះឡើយ... ប៉ុន្តែយើងនៅតែធ្វើការងារជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាក្នុងការការពារការចែករំលែក ផលប្រយោជន៍របស់យើង។ ពេលវេលាទាំងនោះ វាបានកន្លងផុតទៅហើយ»។
សារព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា បើតាមលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក នឹងធ្វើកិច្ចសហប្រតិបត្តិការកម្ទេចពួកភេរវករជាមួយអាហ្វហ្គានីស្ថាន ដែលកំពុងញាំញីដោយអំពើហិង្សា បន្ទាប់ពីកងទ័ពអាមេរិក ចូលជួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានតាំងពីឆ្នាំ២០០១មក ក្នុងការផ្ដួលរំលំពួកតាលីបង់។ ការថ្លែងដ៏មានសារៈសំខាន់នេះ គឺអាមេរិកមានគោលដៅអនុវត្តន៍នូវយុទ្ធសាស្ត្រយោធាថ្មី ដែលនឹងពង្រឹកអំណាចរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសការទប់ទល់នឹងក្រុមភេរវករធំៗនៅលើពិភពលោក។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលថ្នាក់ដឹកនាំអាមេរិកបានលើកឡើងថា មហាអំណាចលេខ១ នៅលើសកលលោកមួយនេះ នឹងឈប់ប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកសាងលិទ្ធិប្រជាធិបតេយ្យ នៅតាមបណ្ដាប្រទេសដទៃនៅលើពិភពលោកទៀតនោះ ដោយកាលពីដើមខែសីហាថ្មីៗនេះ សារព័ត៌មានដ៏ធំរបស់អាមេរិក Washington Post បានចេញផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានបញ្ជាឱ្យក្រសួងការបរទេស ធ្វើការកំណត់ជាថ្មីនូវបេសកកម្ម និងសេចក្តីថ្លែងការណ៍អំពី គោលដៅរបស់សហរដ្ឋអាមេរិកចំពោះពិភពលោកទាំងមូល។
សេចក្តីរាយការណ៍ព័ត៌មានកាលពីដើមខែសីហានោះបានបញ្ជាក់ថា បច្ចុប្បន្នសេចក្តីព្រៀងនៃសេចក្តីថ្លែងការណ៍ថ្មី កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដែលមានលក្ខណៈស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍នៃបេសកកម្មចាស់ លើកលែងតែរឿងមួយគឺ ការជម្រុញលទ្ធិប្រជាធិបតេយ្យ ដែលនឹងត្រូវបានលុបបំបាត់។
នៅក្នុងសេចក្តីព្រៀងរបស់ក្រសួងមន្ត្រីការបរទេសអាមេរិក មានបំណង «ជម្រុញសន្តិសុខ វិបុលភាព និងការពារផលប្រយោជន៍នៃប្រជាពលរដ្ឋអាមេរិក ទូទាំងសកលលោក»។
ដោយឡែកសេចក្តីព្រៀងទាក់ទង នឹងបេសកកម្មរបស់សហរដ្ឋអាមេរិកគឺ «ដឹកនាំគោលនយោបាយការបរទេសអាមេរិក តាមរយៈការជួយឧបត្ថម្ភដល់ពិភពលោក ដើម្បីរក្សាសុវត្ថិភាព និងផ្តល់ភាពចម្រុងចម្រើនដល់ពិភពលោកទាំងមូល»។ ចំពោះសេចក្តីព្រៀងស្តីពីមហិច្ឆតារបស់អាមេរិកគឺ «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាមេរិក ទទួលបានសន្តិភាព និងអាចទំនាក់ទំនងទៅកាន់ពិភពលោកដោយសេរី រឹងមាំ និងប្រកបដោយវិបុលភាព។
«សេចក្តីថ្លែងការណ៍ពាក់ព័ន្ធបេសកកម្មរបស់ក្រសួងការបរទេសអាមេរិក ពិតជាមានសារៈសំខាន់ជាខ្លាំង ដោយវាជាការបង្ហាញអំពីចំណុចអាទិភាព និងបំណងរបស់អាមេរិកចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងពិភពលោក»។ នេះជាការលើកឡើងរបស់ លោក អាប្រាម (Abrams) ដែលត្រូវបាន លោក Tillerson តែងតាំងជាអនុរដ្ឋមន្ត្រីការបរទេស ប៉ុន្តែត្រូវបាន លោក ដូណាល់ ត្រាំ បដិសេធ។ លោក Abrams បានសង្កត់ធ្ងន់ថា «ការផ្លាស់ប្តូរនេះអាចក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ ដែលទាមទារ ជាចាំបាច់នូវភាពច្បាស់លាស់ត្រឹមត្រូវ ប្រសិនបើមិនដូចច្នោះទេ សារនេះប្រៀបបានជាការផ្តល់ដំណឹងដ៏ល្អបំផុត សម្រាប់មេដឹកនាំផ្តាច់ការផ្សេងៗលើពិភពលោក»៕